(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន ៤លានរៀន ជូនប្រជាពលរដ្ឋក្រីក្រ ជាអ្នកនេសាទមងក្តាម ១គ្រួសារ ដែលជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលឱ្យលិចខូចខាតទូកទាំងស្រុង នៅម្តុំទំនប់កោះព្រាប កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយមើលឃើញពីការលំបាកផ្នែកជីវភាព និងអាណិតអាសូរដល់គ្រួសារអ្នកនេសាទរងគ្រោះ ទើបឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ បានចាត់ក្រុមការងារចុះជួបភ្លាមៗ និងនាំយកថវិកា ចំនួន ៤លានរៀល របស់លោកឧកញ៉ាផ្ទាល់ ទៅឧបត្ថម្ភជូនសម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនេះ មានប្តីឈ្មោះ បូ ចន្ថា អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ជូ ថេង អាយុ៤២ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតនៅទំនប់រលក ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ហេតុការណ៍លិចទូកខាងលើ បើតាមជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ រូបគាត់ជាប្តីបានចេញទូករបស់គាត់ជាប្រភេទទូកតូចៗ នេសាទដាក់មងក្តាម ដូចសព្វមួយដង ស្រាប់តែម្តងនេះ សមុទ្រមានរលកខ្យល់ខ្លាំង ធ្វើឱ្យទូករបស់គាត់បោកជាមួយរលកទៅបុកជាមួយថ្មទំនប់ក្បែរច្រាំងកោះព្រាបបណ្តាលឱ្យខូចខាតទូកទាំងស្រុង។ ចំណែករូបគាត់បានលោតចេញពីលើទូកហែលរកកន្លែងមានសុវត្ថិភាព។
ក្រុមគ្រួសារប្រជានេសាទ បានគោរពថ្លែងអំណរគុណ និងជូនពរឧកញ៉ា និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារៈកិច្ច។
ជុំវិញករណីនេះ ឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំធ្វើដំណើរតាមផ្លូវទឹកក្នុងប៉ុន្មានថ្ងៃនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា បញ្ជាក់ថា នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕