(ភ្នំពេញ)៖ របាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង ១១៧លាននាក់ បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ តួលេខនេះបានបង្ហាញពីសញ្ញាល្អប្រសើរ សម្រាប់ឆ្នាំ២០២២ ខណៈកម្ពុជាក៏រំពឹងទទួលបានកំណើនល្អប្រសើរ ពីការងើបឡើងវិញនៃចលនាទេសចរពិភពលោកនេះផងដែរ។
របាយការណ៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
នាឱកាសនោះ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានលើកឡើងថា «យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរអន្តរជាតិជាង១១៧លាននាក់បានធ្វើដំណើរជុំវិញពិភពលោក កើនឡើង ១៨២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១»។
លោកបានរំលឹកដែរថា នៅឆ្នាំ២០២១ ពិភពលោកទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤១៥លាននាក់ កើនឡើងត្រឹមតែ៣.៨%ប៉ុណ្ណោះ ប្រសិនបើធៀបនឹងឆ្នាំ២០២០។
លោករដ្ឋលេខាធិការប្រចាំការបានបន្តទៀតថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២២ដូចគ្នានេះដែរ នៅទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងមជ្ឈិមបូព៌ាទទួលបានបង្ហាញសញ្ញាល្អជាងគេជាមួយនឹងអត្រាកំណើន២៨០% (ទ្វីបអឺរ៉ុប) ១១៧% (ទ្វីបអាមេរិក) និង ១៣២% (មជ្ឈិមបូព៌ា) ខណៈដែលតំបន់អាហ្វ្រិក និងអាស៉ីប៉ាស៉ីហ្វិកនៅមានអត្រាកំណើនតិចនៅឡើយក្នុងរង្វង់ ៩៦% (ទ្វីបអាហ្វ្រិក) និង ៦៤% (អាស៉ីប៉ាស៉ីហ្វិក)។
លោក ទិត ចន្ថា បានបន្តដែរថា ចំពោះនៅតំបន់អាស៊ាន ក្នុងឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ៣.៣លាននាក់ ថយចុះ ៨៧% ធៀបនឹងឆ្នាំ២០២០។ នៅដើមឆ្នាំ២០២២ ប្រទេសក្នុងតំបន់អាស៊ានបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញជាបណ្ដើរៗ ក្នុងនោះកម្ពុជាជាប្រទេសដំបូងគេដែលបានបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្តមកដោយប្រទេសថៃ សិង្ហបុរី ម៉ាឡេស៉ី ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៉ី និងឡាវ។
ទោះជាយ៉ាងនេះក្ដី អង្គការទេសចរណ៍ពិភពលោកបានវាយតម្លៃថាចំនួនទេសចរពិភពលោកក្នុងឆ្នាំ២០២២នេះ រំពឹងថានឹងអាចស្មើនឹង ៥០% ទៅ ៧០% នៃចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ ដោយភាពល្អប្រសើរនៅតែមាន។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញការរំពឹងទុកថា យោងតាមអត្រា១៨២%នៃកំណើនទេសចរពិភពលោកនេះ ក៏បានបង្ហាញសញ្ញាល្អប្រសើរសម្រាប់ទេសចរណ៍នៅកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ឈរលើមូលដ្ឋាននៃការកម្រើកឡើងវិញ នៃចរន្តទេសចរណ៍សកលលោក ក៏ដូចជាទេសចរណ៍តំបន់ ជាមួយនឹងកិច្ចអន្តរាគមន៍ ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២៕