(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។
ក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានប្រគល់ជូនលោក មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកថា «មរណភាពរបស់លោក អាបេ ស៊ីនហ្សូ មិនត្រឹមតែជាការបាត់បង់រដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឱ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់ឥស្សរជនមួយរូបសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដែលលោក បានរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងអាណត្តិរបស់លោកជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន»។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈកម្មាធិការកណ្តាល សមាជិក មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវសេចក្តីសោកសង្រេង ចំពោះការបាត់បង់ជីវិតរបស់លោក អាបេ ស៊ីនហ្សូ ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុននៅក្នុងកាលៈទេសៈដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព លោក អាបេ ស៊ីនហ្សូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕