(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានបញ្ជាឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យជាបន្ទាន់រោងម៉ាស៊ីនមួយកន្លែង នៅភូមិថ្មគោល សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលធ្វើអាជីវកម្មប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ចំណាត់ការនេះបន្ទាប់ពីមានការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្តលើកទី៣៨ អាណត្តិទី៣ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នា២០២២ នៅសាលាខេត្តកំពង់ចាម។
បើតាមសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី អនហេង លក្ខិណា បានលើកឡើងថា មានរោងម៉ាស៊ីនមួយកន្លែង ធ្វើអាជីវកម្មកិនស្រូវ និងកិនគ្រាប់ពោត នៅម្ដុំផ្សារថ្មគោល ភូមិថ្មគោល សង្កាត់បឹងកុក បានបង្កការរំខានជាសំឡេង និងមានកម្ទេចធូលីហុយ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ។
លោកស្រីបន្តថា ករណីនេះប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដើម្បីឲ្យម្ចាស់អាជីវកម្ម មានការកែសម្រួលលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាបញ្ចៀសការហុយកម្ទេចធូលី នឹងកាត់បន្ថយសំឡេងរំខានផងដែរ។
ឆ្លើយតបភ្លាមទាក់ទងករណីខាងលើនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា លោកបានបញ្ជាឲ្យប្រធានអង្គភាពមន្ទីរបរិស្ថាន និងអភិបាលក្រុងកំពង់ចាម ចុះទៅពិនិត្យ និងដោះស្រាយបញ្ហានោះជូនប្រជាពលរដ្ឋ។
ដោយឡែកលោកស្រី អន ហ៊ាងលក្ខណា សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថា មានយុវជនជក់បារីអេឡិចត្រូនិក ដែលប្រការនេះ លោកស្រីបានសំណូមពរឲ្យអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចជំនាញ មានវិធានការដើម្បីបង្ក្រាបផងដែរ។ ចំពោះបញ្ហាការជក់បារីអេឡិចត្រូនិក ដែលកើតមានក្នុងខេត្តកំពង់ចាមនេះ លោកអភិបាលខេត្ត បានណែនាំឱ្យសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន មានវិធានការបន្ទាន់ ដើម្បីបង្ក្រាបផងដែរ៕