(ភ្នំពេញ)៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កម្មវិធីបរិច្ចាគឈាមនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌, ប្រធានសាលាឧទ្ធរណ៍, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍, ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, សមាជិក ស.ស.យ.ក វិស័យយុត្តិធម៌, ក្រឡាបញ្ជី, អាជ្ញាសាលា, សារការី, មេធាវី, អ្នកប្រកបវិជ្ជាជីវៈច្បាប់ផ្សេងទៀត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសរុបជិត៣០០នាក់។
ក្នុងពិធីនេះលោក កើត រិទ្ធ បានគូសបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការក្នុងវិស័យយុត្តិធម៌នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌, ស.ស.យ.ក វិស័យយុត្តិធម៌ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់»។
លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការចូលរួមយ៉ាងផុលផុសក្នុងការបរិច្ចាគឈាមរបស់ លោក លោកស្រី នាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌មួយ ដែលត្រូវចាត់ទុកថាជាការចូលរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងនាមជាមន្ត្រីរាជការបម្រើការងារជូនប្រជាជន និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីជួយបំពេញនូវតម្រូវការដ៏ចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លោកស្រី ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមការងារក្រសួងយុត្តិធម៌, ស.ស.យ.ក វិស័យយុត្តិធម៌ និងក្រុមការងាររបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំកិច្ចដំណើរការនៃកម្មវិធីដ៏មានអត្ថន័យ និងមានសារៈសំខាន់នេះឡើងផងដែរ៕