(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកំពស់ទឹក នៅស្ពានស្ទឹងសំរោងចំណុចចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ មានកំពស់ ៥.២០ម៉ែត្រ ខណៈភ្លៀងកំពុងធ្លាក់ ហើយបានបណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួន។
តែទោះជាយ៉ាងណាក៏ដោយទាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងរួមគ្នាជួយសង្គ្រោះ និងអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះ។ រយៈពេលប៉ុន្មានថ្ងៃនេះ បញ្ហាស្ថានភាពអាកាសធាតុ បាននិងកំពុងកើតមានឡើង នាំឲ្យមានភ្លៀងខ្លាំងជាពិសេសនៅខេត្តព្រះសីហនុតែម្តង។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា បើការតាមការសន្និដ្ឋានរបស់អាជ្ញាធរ កម្ពស់ទឹកឡើងជិតដល់កម្រិតប្រកាសអាសន្ន។ ក្រោយទទួលបានស្ថានភាពជំនន់ទឹកភ្លៀងនេះ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា ចុះពិនិត្យ ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៧ខ្នងផ្ទះ តែពុំមានរងគ្រោះដល់អាយុជីវិតមនុស្ស ឬសត្វពាហនៈឡើយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងតាមភូមិសាស្រ្តផ្សេងៗដែលងាយរងការជនលិច។
លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្អស់បំផុត និងថែរក្សាសុខភាពឲ្យ បានល្អ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់។
ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងបន្តថា «ក្នុងនោះនៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ»។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីបញ្ហាអាកាសធាតុទៅកាន់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវទឹក ទៅកាន់លំហសមុទ្រ និងប្រជានេសាទដែលកំពុងស្ថិតនៅលើលំហសមុទ្រស្រាប់ ខណៈអាកាសធាតុនឹងអាក្រក់ខ្លាំង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤។
តាមរយៈសារសំឡេងណែនាំទៅកាន់ប្រធានអង្គភាព និងមន្ដ្រីពាក់ព័ន្ធ លោក គួច ចំរើន បានប្រាប់ឲ្យហាមឃាត់ការធ្វើដំណើរតាមទូកទៅលំហសមុទ្រ កោះឆ្នេរ ក្នុងរយៈពេលនេះ ព្រោះដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ឬការជាប់គាំងណាមួយ ដែលបង្កដោយមហន្ដរាយផ្សេងៗ ហើយសូមឲ្យរកគ្រប់មធ្យោបាយដើម្បីផ្ដល់ដំណឹងដល់បងប្អូនប្រជានេសាទ ដែលពេលនេះ ម៉ោងនេះ ពួកគាត់កំពុងស្ថិតនៅលំហសមុទ្រ តាមកោះឆ្នេរ ដើម្បីធ្វើនេសាទ។
អភិបាលខេត្តព្រះសីហនុរូបនេះ បានគូសបញ្ជាក់ទៀតថា មធ្យោបាយសម្រាប់ផ្ដល់ដំណឹងទៅកាន់ប្រជានេសាទដែលកំពុងស្ថិតនៅលំហសមុទ្រ នាពេលនេះ គឺត្រូវអនុវត្តដូចកាលពីពេលកន្លងទៅ ដោយត្រូវជូនដំណឹងបន្ទាន់ទៅកាន់ ក្រុមគ្រួសារ នៃសហគមន៍ប្រជានេសាទ ហើយសូមឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចាត់ចែងការងារនេះ ឲ្យបានហ្មត់ចង់ដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ប្រជានេសាទ ឬអ្នកទេសចរ៕