(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោក ស៉ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន។ នេះបើយោងតាមសាររំលែកមរណទុក្ខ ផ្ញើជូនលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នាមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលព័ត៌មានថា ឯកឧត្តម ស៉ីនហ្សូ អាប អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៦៧ឆ្នាំ នៅប្រទេសជប៉ុន ប្រកបដោយការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត។
មរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាប គឺជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏ឧត្តមមួយរូបរបស់ប្រទេសជប៉ុន និងជាការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនជប៉ុន ដែលក្នុងអាណត្តិដឹកនាំកន្លងមក ឯកឧត្តម ស៉ីនហ្សូ អាប បានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក
ជាពិសេសការដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកកម្រិតទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ ហើយតាមរយៈភាពជាដៃគូដ៏រឹងមាំនេះ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានទទូលផ្លែផ្កាជាសមិទ្ធផល ក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ជាច្រើន ក្រោមការសម្របសម្រួលរបស់ស្ថានទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (JICA)។
ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសងងខ្សឹកខ្សួលរំជួលចិត្តឥតឧបមាន៖ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយប្រជាជនជប៉ុន និងក្រុមគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ស៊ីនហ្សូ អាប បានទៅកាន់សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា លោក អាបេ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២៕