(ភ្នំពេញ)៖ តាមការសន្និដ្ឋានរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអះអាងថា ខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ រួមមានខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌ៧មករា នឹងលែងប្រឈមទៅនឹងការលិចលង់ បន្ទាប់ពីស្ថានីយ៍បូមទឹកថ្មីបឹងត្របែកថ្មីត្រូវបានសាងសង់រួចហើយ។
រហូតដល់ពេលនេះ ស្ថានីយ៍បូមទឹកថ្មីបឹងត្របែក ត្រូវបានសាងសង់រួចរាល់ចំនួន៧០ភាគរយហើយ ដោយក្រុមអ្នកសាងសង់កំពុងមមាញឹក ទាំងយប់ទាំងថ្ងៃ ដើម្បីទប់ទល់នឹងរដូវវស្សាឆ្នាំនេះ។
នៅលើទំព័រ Facebook របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានសរសេរថា «រដូវភ្លៀងបានចូលមកដល់ ដំណេីរការសាងសង់ ស្ថានីយ៍បូមទឹកថ្មី បឹងត្របែក កាន់តែជំរុញទាំងថ្ងៃ ទាំងយប់! គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក សម្រេចបាន៧០%នៃគម្រោង។ ស្ថានីយ៍ថ្មីនេះ បំពាក់ម៉ូទ័របូមទឹកចំនួន១១គ្រឿង មានសមត្ថភាពបូមទឹកបាន ២៣,៣ម៉ែត្រគូបក្នុង១វិនាទី គឺកេីន៣ដង ធៀបនឹងស្ថានីយ៍ចាស់»។
លោក បានបន្ថែមថា «យើងសង្ឃឹមថា នាខែសីហា ឆ្នាំ២០១៦ខាងមុខ តំបន់ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ នឹងមិនប្រឈម ការលិចលង់ដូចមុនទៀតទេ»៕