(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានធ្វើសកម្មភាពយ៉ាងសកម្មភាព លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ មានទាំងការងារលុបសំបុក មាន់ លុបស្នាមប្រេះ ស្តារ លូ ប្រឡាយ ជាមួយការលាបថ្នាំបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះ ពិតជាទទួលបាននូវការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង, លោក កើត ឆែ អភិបាលរង, លោក នួន ផារ័ត្ន អភិបាលរង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២នេះ។
បើតាមរបាយការណ៍ដែលរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញជូនក្រុមប្រឹក្សារាជធានីភ្នំពេញ នាកិច្ចប្រជុំនេះបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសកម្មភាពយ៉ាងសកម្មលើការងារ ថែទាំផ្លូវថ្នល់ជាប្រចាំ រួមមាន៖
*លុបសំបុកមាន់ AC ចំនួន ៥.៨៦៣ម៉ែត្រការ៉េនៅលើផ្លូវជាតិលេខ១.៤.៥.៦.២១b
*លុបស្នាមប្រេះចំនួន២,៣៦២ម៉ែត្រការ៉េ លើផ្លូវជាតិលេខ១.៥.៦.១១០.២១b
*លុបសំបុកមាន់ DBST ចំនួន១១៣៥ម៉ែត្រការ៉េ លើផ្លូវជាតិលេខ១.៤.៦
*លុបកៅស៊ូបាចកំទេចថ្មមួយជាន់ចំនួន១.០៤១ម៉ែត្រការ៉េ លាយល្បាយដីថ្មចំនួន៧១៣ម៉ែត្រការ៉េ លើផ្លូវជាតិលេខ១.៤.៥.១១០
*សម្អាតលូបណ្តោយផ្លូវប្រវែង២.០២០ម៉ែត្រ លើផ្លូវជាតិលេខ១.៤.៥.៦.២១b
*សម្អាត និងលាបថ្នាំបង្គោលគីឡូម៉ែត្រចំនួន ១៣បង្គោល លើផ្លូវជាតិលេខ១.៤.៦
*សម្អាតរុក្ខជាតិបណ្ដោយផ្លូវប្រវែង៩.៣៥០ម៉ែត្រ លើផ្លូវជាតិលេខ១.៥.៦.២១៦.១១០
*ល្បាតផ្លូវប្រវែង១២៣គីឡូម៉ែត្រ លើផ្លូវជាតិលេខ៤.៥.២១b
*ស្តារប្រឡាយប្រវែង៨.៤០០ម៉ែត្រ លើផ្លូវជាតិលេខ៤
*សម្អាតលូទទឹងផ្លូវ ចំនួន ១កន្លែង លើផ្លូវជាតិលេខ៤
*សម្អាតបង្គោលគីឡូម៉ែត្រចំនួន ៦បង្គោល លើផ្លូវជាតិលេខ៦
*ស្តារលូ បណ្ដោយផ្លូវប្រវែង ៤០០ម៉ែត្រ លើផ្លូវជាតិលេខ៥
*ស្តារលូទទឹងផ្លូវចំនួន ១កន្លែង លើផ្លូវជាតិលេខ១១០
*សម្អាតស្ពានប្រវែង១៦ម៉ែត្រ លើផ្លូវជាតិលេខ១១០។
ចំពោះការងារខាងលើនេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានអនុវត្តគ្រប់ជំនាញធ្វើឲ្យរាជធានីភ្នំពេញ រក្សាបាននូវសោភណ្ឌភាពជាទីក្រុងស្អាតមានសោភណ្ឌភាព។
លោក ម៉ប់ សារិន បានលើកឡើងទៀតថា ក្នុងរយៈពេល០៦ខែនេះ ពោលគឺក្រោយពេលស្ថានភាពជំងឺកូវីដ បានធូរស្រាល ចលនាសង្គមនៅមូលដ្ឋាន មានសកម្មភាពឡើងវិញ គ្រោះថ្នាក់ចរាចរណ៍ ក៏មានការកើនឡើង៧៨លើក តែទោះជាយ៉ាងនេះ ក៏សមត្ថកិច្ចរបស់យើងនៅតែគ្រប់គ្រងបានល្អ។
លោកបន្តថា ថ្នាក់ដឹកនាំរាជធានី-ខណ្ឌ-សង្កាត់ ដោយរយៈពេល ០៦ខែកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងបានឆ្លងកាត់វិញ្ញាសាលំបាកស្មុគស្មាញ ជាច្រើន តែយើងខិតខំពុះពារបានជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ ទាំងក្នុងវិស័យរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ ការកសាងសមិទ្ធផល ក៏ដូចជាការផ្តល់សេវាកម្ម ពិសេសមុន និងក្រោយការប្រកាសបើកដំណើរ ការសេដ្ឋកិច្ចសង្គមឡើងវិញ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច៕