(ភ្នំពេញ)៖ លោក សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោក ស៉ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន។ នេះបើយោងតាមសាររំលែកមរណទុក្ខ ដែលគោរពជូនលោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
សារលិខិតរំលែកទុក្ខបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តមឯកអគ្គរាជទូត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងក្រៀមក្រំសោកស្តាយយ៉ាងក្រៃលែង ដោយបានទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម ស៉ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ដោយសារការធ្វើឃាតកម្ម។ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះក្រុមគ្រួសាររបស់ឯកឧត្តម ស៉ីនហ្សូ អាបេ ក៏ដូចជាប្រជាជនជប៉ុន និងប្រទេសជប៉ុន ចំពោះការបាត់បង់ឯកឧត្ដម ស៉ីនហ្សូ អាប ដែលជាអ្នកស្នេហាជាតិ និងជាបុរសរដ្ឋជប៉ុនដ៏ឆ្នើម ដែលត្រូវបានពិភពលោកទទួលស្គាល់ និងលើកសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ព្រមទាំងបាត់បង់មិត្តល្អដ៏យូរលង់របស់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា»។
សារលិខិតរំលែកទុក្ខបានបញ្ជាក់បន្ថែមទៀតថា គំរូវីរភាព និងស្នាដៃធំធេងរបស់ លោក ស៉ីនហ្សូ អាបេ នឹងត្រូវបានចងចាំជានិច្ចក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ស៉ីនហ្សូ អាប បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក អាបេ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់ជាតិ នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២៕