(ត្បូងឃ្មុំ)៖ ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំត្រីមាសទី២ ឆ្នាំ២០២២ ក្នុងគោលដៅពង្រឹង និងពង្រីកការងារអប់រំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រោមអធិបតីភាព លោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក អង្គការដៃគូ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំ «ក» សាលាខេត្តត្បូងឃ្មុំ ។
ក្នុងកិច្ចប្រជុំនេះដែរ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានធ្វើរបាយការណ៍វឌ្ឍនភាព ការងារអប់រំ យុវជន និងកីឡាខេត្ត និងគោលដៅផែនការយុទ្ធសាស្រ្តវិស័យអប់រំសម្រាប់ឆ្នាំ ២០១៩-២០២៣ របស់ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ខេត្តត្បូងឃ្មុំ។
លោក អ៊ិន ពៅសម្បត្តិ បានបញ្ជាក់ថា តាមរយៈគោលដៅផែនការយុទ្ធសាស្ត្រ៥ឆ្នាំនេះ ក្នុងគោលដៅពង្រឹង និងពង្រីកការងារអប់រំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយបានផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ លើការងារពង្រីក ការអប់រំកុមារតូច ការបង្កើនលទ្ធភាពទទួលបានការអប់រំនៅមធ្យមសិក្សា និងក្រោយមធ្យមសិក្សា ប្រកបដោយគុណភាព ព្រមទាំងពង្រីកការអប់រំក្រៅប្រព័ន្ធ ការអប់រំបច្ចេកទេស ការអភិវឌ្ឍន៍ ការងារយុវជន និងការងារអប់រំកាយ និងកីឡា។
ជាមួយគ្នានេះ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា តាមរយៈរបាយការណ៍របស់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឆ្លុះបញ្ជាំងពីសកម្មភាពការងារយ៉ាងផុសផុល បង្ហាញពីភាពសហការគ្នា បានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ សំដៅសម្រេចតាមគោលដៅ ផែនការដែលបានគ្រោងទុក។
បន្ថែមពីនេះ លោកស្រី នី ចាន់ធីតា បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ដើម្បីលើកកម្ពស់ ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព នៅគ្រឹះស្ថានសិក្សាចំណេះទូទៅ ទាំងសាធារណៈ និងឯកជន។
ឆ្លៀតក្នុងឱកាសនេះ អភិបាលរងខេត្ត បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់គប្បីរួបរួមគ្នាដោះស្រាយបញ្ហា ការអប់រំ ចូលរួមសហការគ្នាសម្របសម្រួល ចំពោះគ្រប់តម្រូវការទាំងអស់ ដើម្បីឈានដល់ការឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងវិស័យអបរំនៅទូទាំងខេត្តត្បូងឃ្មុំ ពិសេសស្របជាមួយគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពង្រឹង និងពង្រីកវិស័យអបរំ នៅទូទាំងប្រទេស ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕