(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញលែងកូនត្រីចម្រុះពណ៌ចំនួន១ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ១កក្កដា ដែលស្ថិតនៅស្រះទឹក ក្នុងបរិវេណរមណីដ្ឋានប្រាសាទព្រៃបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពីធីលែងកូនត្រីនេះដែរ ក៏មានការចូលរួមពីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនទៀត។
សូមបញ្ជាក់ថា ទិវាមច្ឆាជាតិ បានធ្វើឡើងក្នុងគោលបំណងស្តារមច្ឆាជាតិ និងជីវចម្រុះឡើងវិញ ការពារជលផល នៅកម្ពុជា ឱ្យបានគង់វង្ស និងបង្កើនទិន្នផលត្រីសម្រាប់ ដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទឲ្យកាន់តែមាន ជីវភាពធូរធា ទិវានេះក៏ជួយកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ការលែងកូនត្រីនេះដែរ ក៏ដើម្បីចូលរួមធ្វើបុណ្យកុសល ពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នាផងដែរ។
ជាមួយគ្នានេះ មន្ត្រីជលផលខេត្តស្វាយរៀង បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ ឲ្យជួយចូលរួមលើកកម្ពស់ក្នុងការលែង ត្រីក្នុងការស្តារជីវចម្រុះឡើងវិញទាំងអស់គ្នា ពិសេសចំពោះអ្នកនេសាទសូមកុំ នេសាទ ត្រី នៅរដូវត្រីពង ឬប្រើប្រាស់ ឧបករណ៍ខុសច្បាប់ដើម្បីនេសាទត្រីជាដើម។
បន្ថែមលើសពីនេះ មន្ត្រីជលផល ក៏សូមអរគុណលោកអភិបាលខេត្តស្វាយរៀង និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងពិធីព្រលែងកូនត្រី នៅស្រះទឹកក្នុងរមណីយដ្ឋានព្រៃបាសាក់ ដែលជាតំបន់ទេសចរណ៍មួយសម្រាប់ ខេត្តស្វាយរៀង ដែលទាំងនេះជាការចូលរួមចំណែកជួយអភិរក្សមច្ឆាជាតិ ដើម្បីបង្កើនធនធានជលផលឱ្យកាន់តែ កើនឡើងថែមទៀតផងដែរ៕