(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរព វិញ្ញាណក្ខន្ធសព អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជប៉ុន បានបាត់បង់នូវរដ្ឋបុរសដ៏ឆ្នើមមួយរូបនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងប្រជាជនជប៉ុន និងបានសម្តែងនូវ សមានចិត្ត ឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោក ស៊ីនហ្សូ អាបេ សូមបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថា មួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន៕