(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃកម្ពុជា បានដាក់ឲ្យមានការពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីគ្រឿងឥស្សរិយយសគណៈមេធាវីនៃកម្ពុជា។
សេចក្តីជូនដំណឹង ស្តីពីការដាក់ពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីគ្រឿងឥស្សរិយយសគណៈមេធាវីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដានេះ បានបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមរបស់លោក លី ច័ន្ទតុលា គណៈមេធាវី នៃកម្ពុជាបានរៀបចំសេចក្ដីព្រាង «សេចក្ដីសម្រេច ស្តីពីគ្រឿងឥស្សរិយយស គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា» សម្រាប់ផ្តល់ជូនសមាជិក-សមាជិកាគណៈមេធាវី នៃកម្ពុជា និងឥស្សរជន ដែលមានស្នាដៃ គុណបំណាច់ និងភក្ដីភាពចំពោះគណៈមេធាវី វិជ្ជាជីវៈមេធាវី និងយុត្តិធម៌សង្គម ដើម្បីជាការថ្លែងអំណរគុណ ជំរុញលើកទឹកចិត្ត លើកកម្ពស់ និងពង្រឹងសមត្ថភាពមេធាវី ដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈ មេធាវី។
សេចក្តីជូនដំណឹងរបស់គណៈមេធាវីកម្ពុជាបន្តថា ដើម្បីឱ្យការបង្កើត និងការផ្តល់ជូនគ្រឿងឥស្សរិយយសគណៈមេធាវីនៃកម្ពុជា កាន់តែមានប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និងឆ្លុះបញ្ចាំងពីទស្សនៈ និងការចូលរួមរបស់សហភាតាមេធាវីគ្រប់វ័យ គ្រប់ជំនាន់ សូមដាក់សេចក្តីព្រាងនៃសេចក្តី សម្រេចនេះ ជូនសហភាតាមេធាវីផ្តល់មតិយោបល់ ដើម្បីប្រមូលធាតុចូល មុននឹងដាក់ជូនក្រុមប្រឹក្សាគណៈមេធាវីអនុម័ត។
តាមរយៈនេះ សហភាតាមេធាវីដែលមានបំណងផ្តល់ មតិយោបល់លើសេចក្តីព្រាងនេះ សូមផ្តល់យោបល់ជាលាយលក្ខណ៍អក្សរដាក់ ក្នុងក្រុមតេឡេក្រាម «សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC)» ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ លើសពីនេះ គណៈមេធាវីនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងនៃសេចក្ដីសម្រេចនេះ ដើម្បីឱ្យសហភាតាមេធាវីចូលរួម ផ្តល់យោបល់បន្ថែមទៀត តាមពេលវេលាដែលនឹងជម្រាបជូន នាពេលក្រោយ៕