(ភ្នំពេញ)៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក សុន ឆ័យ ក៏នឹងចូលបំភ្លឺម្តងទៀតជូនតុលាការ តាមបណ្តឹងគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២ ខាង មុខនេះផងដែរ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យប្តឹង លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។
ការដាក់ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានបរិយាយតាមសារព័ត៌មានអនឡាញដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានការលួចបន្លំសន្លឹកឆ្នោត។
ពាក់ព័ន្ធការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចប្តឹងលោក សុន ឆ័យ ផងដែរដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល ឬស្មើនឹង ១លានដុល្លារអាមេរិក។
ក្នុងពាក្យបណ្តឹងដាក់ចូលទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក គី តិច មេធាវីតំណាងឱ្យគណបក្សប្រជាជនកម្ពុជា បានគូសរំលេចនូវពាក្យសម្តីមួយចំនួនរបស់លោក សុន ឆ័យ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានមួយចំនួន។ សម្តីក្នុងបទសម្ភាសន៍ទាំងនោះ ត្រូវបានលោកមេធាវី ចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ជាការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត។
ក្នុងពាក្យបណ្តឹងនេះ លោកមេធាវី គី តិច បានស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ សុន ឆ័យ តាមបញ្ញត្តិច្បាប់ និងទាមទារសងសំណងជំងឺចិត្តនៃការខូចខាតជូនគណបក្សប្រជាជនកម្ពុជា ១លានដុល្លារអាមេរិក៕