(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញមកបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានរកឃើញវត្តមានជំងឹកូវីដ១៩ អូមីក្រុងប្រភេទបំប្លែងខ្លួនថ្មី BA.4 និង BA.5 ដែលស្ថានភាពចម្លងរបស់ពពួកបំប្លែងថ្មីនេះកាន់តែលឿនជាងមុន។
ជាមួយនឹងបញ្ហាប្រឈមនេះ លោកស្រី ឱ វណ្ណឌីន តាមរយៈសារសំឡេងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ទាំងអស់គ្នា ដោយការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ដែថថា ករណីអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។
ក្រសួងបន្តថា ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ (ដូចជា BA.1 និង BA.2 ជាដើម) នាំឱ្យមានកំណើនឡើង នូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបម្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបញ្ចៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុស កូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូច ជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា៕
សូមស្ដាប់ការលើកឡើងរបស់លោកស្រី ឱ វណ្ណឌីន នៅខាងក្រោមនេះ៖