(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឲ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការកើតសារឡើងវិញ ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេសចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រ ក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។

ក្រសួងបន្តថា ការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿន ជាងពពួកអូមីក្រុងមុនៗ (ដូចជា BA.1 និង BA.2 ជាដើម) នាំឱ្យមានកំណើនឡើង នូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបម្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបញ្ចៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុស កូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញាមានដូច ជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដោយទទូច និងសូមក្រើនរំលឹកដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័នពាក់ព័ន្ធ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ សូមរួមសាមគ្គីភាពគ្នា ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ សំដៅការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ។

លោកបន្តថា ដើម្បីបញ្ចៀសនូវការរីករាលដាលការឆ្លងវីរុសកូវីដ-១៩ ដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ សូមប្រជាជនទាំងអស់ (ទាំងកម្ពុជា និងជនបរទេស) ដែលរស់នៅ ត្រូវនាំគ្នាបន្តអនុវត្តវិធានការ«៣ការពារ និង៣កុំ» ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ដូសទី៣ ទី៤ និងទី៥)ជាចាំបាច់ ដែលមានគម្លាតពីដូសមួយ ទៅដូសមួយទៀត មានរយៈពេលពី៣ខែឡើងទៅ៕