(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺ ជុំវិញករណីចោទប្រកាន់ តាមរយៈវីដេអូឃ្លីបបង្ហោះតាម Facebook និងការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន អំពីសកម្មភាព មន្ត្រីគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងសមត្ថកិច្ច ចាប់កៀបបុរសអ្នកបើកតាក់ស៊ីម្នាក់ ដោយអគ្គនាយកដ្ឋានគយអះអាងថា គឺសកម្មភាពការពារខ្លួន ពីការប៉ុនប៉ងបង្កអំពើហិង្សា ពីសំណាក់បុរសអ្នកបើកតាក់ស៊ី ដឹកទំនិញគេចពន្ធតែប៉ុណ្ណោះ។
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មាន ករណីល្មើសរបស់រថយន្តតាក់ស៊ី កម្លាំងចម្រុះបានឃាត់រថយន្តតាក់ស៊ីនោះ ដើម្បីសាកសួរ ប៉ុន្តែអ្នកបើកតាក់ស៊ី មិនត្រឹមតែមិនឈប់នោះទេ ថែមទាំងបើករថយន្តបកក្រោយ បម្រុងបុកកម្លាំងសមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ចបានរួចផុតពីគ្រោះថ្នាក់។ បន្ទាប់មកជនល្មើស ដែលជាអ្នកបើកតាក់ស៊ីនោះបានចុះពីរថយន្ត កាន់ដែកតាក់កេ បម្រុងប្រើអំពើហឹង្សាមក លើក្រុមសមត្ថកិច្ច ឃើញដូច្នេះសមត្ថកិច្ចបង្ខំចិត្ត ធ្វើការចាប់កៀបជនល្មើស ដោយមិនបានដាក់ខ្នោះនោះទេ។
អគ្គនាយកដ្ឋានគយបានអះអាងទៀតថា សមត្ថកិច្ចបានពិនិត្យឃើញក្នុងរថយន្ត Toyota Camry មានទំនិញជាគ្រឿងសំអាងគេចពន្ធ ដែលមានអត្រាពន្ធខ្ពស់ ជិត១តោន ហើយរថយន្តរបស់ជនល្មើសទៀតសោធ បានដោះកៅអីចេញ ដែលខុសលក្ខណៈបច្ចេកទេស ថែមទាំងបិតកញ្ចក់ខ្មៅ សម្រាប់លួចដឹកទំនិញគេចពន្ធទៀតផង។
បច្ចុប្បន្នជនល្មើសត្រូវបានបញ្ជូនខ្លួន ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ព័ត៌មានលម្អិតសូមអានសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករទាំងស្រុង៖