(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២នេះ បានទទួលជួបសវនាការ និងទទួលអំណោយ អង្ករចំនួន៥តោន និងថវិកាចំនួន ១០លានរៀល ពីក្រុមការងារសប្បុរសធម៌ នៃក្រុមហ៊ុនពិភពដីមាសគ្រុប នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសទទួលជួបសវនាការនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ក្រុមការងារសប្បុរសធម៌ នៃក្រុមហ៊ុនពិភពដីមាសគ្រុប ដែលបានបរិច្ចាគអំណោយទាំងនេះ ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ ក្នុងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

កាកបាទក្រហមកម្ពុជា នឹងប្រើប្រាស់នូវអំណោយទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម។

លោកស្រី សាន សុទ្ឋាវិន ប្រធានប្រតិបត្តិក្រុមការងារសប្បុរសធម៌ នៃក្រុមហ៊ុនពិភពដីមាស បានថ្លែងផងដែរថា លោកស្រីមានការពេញចិត្ត គោរពស្រឡាញ់ និងកោតសសើរយ៉ាងខ្លាំងក្លា ចំពោះកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត និងថ្លែងអំណរគុណ ចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែជួយទៅដល់ពួកគាត់ដែលត្រូវការជំនួយ។

ដូច្នេះដើម្បីជាការរួមចំនែកជាមួយ និងការងារសប្បុរសធម៌ដ៏ធំមួយនេះ ក្រុមការងារក៏បានសម្រេច នាំយកអង្ករចំនួន៥តោន និងថវិកាចំនួន ១០លានរៀល ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងការចែករំលែកក្តីស្រឡាញ់ទៅដល់ប្រជាពលរដ្ឋទីទាល់ក្រ ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រីឱ្យដឹងថា នេះគឺជាលើកទី១ហើយសម្រាប់ក្រុមការងារ ដែលបានចូលរួមបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ដោយលោកស្រីសង្ឃឹមថា កិច្ចសហប្រតិបត្តការនេះ និងមានច្រើនតទៅមុខទៀតជាមួយនិង កាកបាទក្រហមកម្ពុជា ក្នុងការងារមនុស្សធម៌មួយនេះ៕