(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងបន្ទាប់មួយ ស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់។

សេចក្តីជូនដំណឹងបញ្ជាក់ថា អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាក, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដូចខាងក្រោម៖

១៖ ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធ និងអាកររួច តែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែ ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។

២៖ ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធ និងអាករ) ត្រូវមកបង់ពន្ធ និងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយ និងរដ្ឋាករដែលនៅជិតបំផុត តាមកាលបរិច្ឆេទដូចខាងក្រោម៖

* ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ផុតរយៈពេលនេះ រថយន្តដែលខកខានមិនបាន ចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញ នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន

* ការបង់ពន្ធនិងអាករ នឹងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

៣៖ ទន្ទឹមនេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធ និងអាករចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យ ផងដែរ។

អគ្គនាយកដ្ឋានគយបញ្ជាក់ថា ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្ត ដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ២០២១ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ បានអំពាវនាសូមម្ចាស់រថយន្តគ្មានពន្ធទាំងអ ស់រួសរាន់មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធ និងអាករ
ឱ្យបានទាន់តាមកាលបរិច្ឆេទកំណត់ដូចខាងលើ ជាកំហិត។

បើតាមការបញ្ជាក់របស់អគ្គនាយគយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ មានម្ចាស់រថយន្ដចង្កូតស្ដាំនៅសេសសល់បានមកបង់ពន្ធ ដោយមិនកែចង្កូត និងចុះបញ្ជី (កំពុងកាន់កាប់និងសុំបង់ពន្ធនៅពេលបន្ទាប់) សរុបចំនួន ៥២ គ្រឿង៕