(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច។ នេះបើយោងតាមសេចក្តីសម្រេចរបស់គណបក្សផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី គឺបុត្រីរបស់បុត្រីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះអនុជ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មាតាតែមួយផងដែរ។
បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៉ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តែងតែដង្ហែរភ្ជាប់ជាមួយនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គ្រាដែលសម្តេចក្រុមព្រះគង់ជាប្រធានរដ្ឋសភាជាតិ។ បន្ថែមពីនេះព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ធ្លាប់ធ្វើជាតំណាងរាស្ត្រមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច, ជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ផងដែរ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តែងតែដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមកិច្ចការគណបក្សហ្វ៊ុនស៉ិនប៉ិច ជាពិសេសទ្រង់យាងជាតំណាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លើកិច្ចការងារសំខាន់ៗនានា ជាមួយអង្គការអន្តរជាតិ-ជាតិ ព្រមទាំងបណ្តាអង្គទូតមួយចំនួនផងដែរ៕