(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន២៨៥,៨០៨នាក់ ក្នុងនោះភ្ញៀវជាតិ២៦៤,៨៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២០,៩២៧នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៥៤,៨៩២នាក់
* ខេត្តសៀមរាប ៤៤,៥៤០នាក់
* ខេត្តបាត់ដំបង ៤៣,៨០៦នាក់
* ខេត្តកំពត ២៨,៨៦៨នាក់
* រាជធានីភ្នំពេញ ១៨,៧៤៣នាក់
* ខេត្តកែប ១៨,០៦៩នាក់
* ខេត្តពោធិ៍សាត់ ៩,៥០៥នាក់
* ខេត្តកំពង់ស្ពឺ ៨,៦៦៨នាក់។

លោកបានឱ្យដឹងថា តួលេខខាងលើ មានការថមថយប្រមាណ៣.៨៩% ធៀបនឹងចុងសប្តាហ៍កន្លងមក ស្របពេលដែលនៅតាមបណ្តារាជធានី-ខេត្តមានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ។

លោករដ្ឋមន្ត្រីបានបន្តថា នាចុងសប្តាហ៍នេះ ក៏មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានាដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃសម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សា ដែលនឹងចូលមកដល់ថ្ងៃ១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយ។

ដោយឡែក ការអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពីការចូលរួមកាន់ទុក្ខចំពោះមរណភាពលោក អាបេ ស៊ីនហ្សូ (SHINZO ABE) ដោយណែនាំឱ្យអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនផ្អាកសកម្មភាពអាជីវកម្ម ហើយភោជនីយដ្ឋាន និងអាហារដ្ឋានត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹង១ថ្ងៃ នៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២២៕