(ព្រះសីហនុ)៖ លោក លៀម សុដា អនុប្រធានកិត្តិយសសាខាខេត្ត តំណាងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំសមាជិក សមាជិការគណៈកម្មាធិការសាខា បានប្រគល់ផ្ទះចំនួន៣ខ្នង ទំហំ៤ម៉ែត្រ គុណ៦ម៉ែត្រ ជូនប្រជាពលរដ្ឋ៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ដ្រាក់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បណ្ដាលឲ្យរងការខូចខាតទាំងស្រុង នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោក លៀម សុដា ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោកបានពោលថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោក លៀម សុដា ក៏បានអំពាវនាវ និងផ្ដាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន។
ជាពិសេស លោកបានក្រើនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ១៩នេះឲ្យសោះ បើទោះបីជាកម្ពុជា មានស្ថានភាពធូរស្រាលក៏ដោយ យើងត្រូវអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលជំងឺកូវីដ១៩ ដោយតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ (៣កុំ ៣ការពារ) និង២ចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលបានប្រគល់ជូនគ្រួសាររងគ្រោះដោយសារភ្លៀង និងខ្យល់កន្ត្រាក់ និងគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, មី១កេស, ទឹកត្រី១យួរ, ជែល១ដប, ម៉ាស់ក្រណាត់១កញ្ចប់, ឃីតចំនួន១ ដោយក្នុងនោះមាន (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន១០ម៉ឺនរៀល ចំណែកឯថវិកាគ្រួសាររងគ្រោះថ្នាក់ចរាចរណ៍ទទួលបាន ៣០ម៉ឺនរៀល៕