(ភ្នំពេញ)៖ «ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា» ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមប្រធានបទខុសៗគ្នា ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះឱ្យកាន់តែមានប្រសិទ្ធភាព និងជាឱកាសសម្រាប់ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។
សម្រាប់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជានឹងរៀបចំអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា លើកទី៩ ក្រោមប្រធានបទ «កសាងអនាគតរួមមួយសម្រាប់ទាំងអស់គ្នា (Building a shared future for all life)» នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ រួមជាមួយនឹងពិធីដាំកូនឈើតាមដងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ថា ដើម្បីចូលរួមអបអរសាទរ ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា លើកទី៩ ជាមួយនឹងបណ្ដាប្រទេសនៅថ្នាក់តំបន់ និងពិភពលោក និងក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលទទួលបន្ទុកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UN-CBD) ក្រសួងបរិស្ថាននឹងរៀបចំអបអរសាទរទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០២២ រួមគ្នាជាមួយនឹងកម្មវិធីដាំកូនឈើនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ រួមទាំងការចងដាពាក្យស្លាកតាមទីសាធារណៈ ខេត្តគោលដៅ ការផលិត និងផ្សព្វផ្សាយ វីដេអូខ្លីៗ ដើម្បីផ្សព្វផ្សាយផ្ទាល់តាមបណ្តាញសង្គម និងទូរទស្សន៍ផងដែរ។
លោកបានបន្តថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» គឺជាតំបន់មួយសម្បូរទៅដោយព្រៃឈើធម្មជាតិ និងជីវៈចម្រុះ តំបន់បុរាណដ្ឋាន ប្រាសាទ ពើង ស្ទឹងលិង្គ១,០០០ ទឹកធ្លាក់ក្រោលរមាស តំបន់ព្រះអង្គធំ ដែលជាកេរ្ដិ៍ដំណែល នៃសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ដែលបានបន្សល់ទុកជាយូរលង់ណាស់មកហើយ ដែលតំបន់ទាំងនេះ គឺជាមរតកដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ឧត្តមប្រយោជន៍ប្រជាជនកម្ពុជាទូទាំងប្រទេស និងប្រជាជនដែលបាននឹងកំពុងរស់លើទឹកដីនេះផ្ទាល់ តាមរយៈការប្រកបមុខរបរចិញ្ចឹមជីវិតជាច្រើនប្រភេទ ជាពិសេសគឺចំណូលបានមកសេវាកម្មវិស័យទេសចរណ៍។
មន្ត្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា គោលបំណងនៃការស្នើសុំដាំដើមគូលែន និងរៀបចំទិវា៖
*ការពារ និងអភិរក្សប្រភេទពូជឈើក្នុងស្រុក ជាពិសេសរុក្ខជាតិគូលែន សិរមាន់ និងឈើហូបផ្លែ
*ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បង្កើនសោភ័ណ្ឌភាព និងទស្សនីយភាពតាមដងផ្លូវ
*ជំរុញការអប់រំផ្សព្វផ្សាយ និងបង្កើនចំណេះដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសម្បូរបែប និងតម្លៃធនធានជីវៈចម្រុះ សំដៅជំរុញដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការអភិរក្ស និងចូលរួមដាំដើមឈើ
*លើកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និង
*ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី តាមខ្លឹមសារប្រធានបទដែលបានកំណត់៕