(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទ ប្រគេនទៀនវស្សា និងទេយ្យទាន ជូនវត្តចំនួន២២ ក្នុងក្រុងសិរីសោភ័ណ។
លោក អ៊ុំ រាត្រី បានវេរប្រគេនព្រះសង្ឃដែលចូលព្រះវស្សាក្នុងទីអារាមនីមួយៗ ទាំង២២វត្ត រួមមាន៖ ទៀន ២ដើម, អង្ករ២ការ៉ុង ១០០គីឡូក្រាម, មីជាតិ ៣កេស, ទឹកសុទ្ធវីតាល់ ៣កេស, ទឹកត្រី ៥យួរ, ទឹកស៉ីអ៉ីវ ៥យួរ, ស្លាដក់ ១ឈុត និងបច្ច័យ៤៨ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ពិធីសាសនានេះ អាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ក្នុងវិបត្តិកូវីដ១៩ ជាសកល ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញវិធានការនានាជាច្រើន ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធនិងពីប្រជាពលរដ្ឋ ព្រមទាំងបានខិតខំខ្នះខ្នែង ស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសដោយឥតគិតថ្លៃ រហូតទទួលបានជោគជ័យ រំដោះប្រទេសទាំងមូលឲ្យរួចផុតពីគ្រោះជម្ងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ ហើយបានបើកប្រទេសឲ្យដំណើរការប្រក្រតីឡើងវិញ។ តែទោះជាយ៉ាងណា លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលយកវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកាច់សាហាវមួយនេះ។
លោកក៏បានលើកឡើងផងដែរអំពីដំណើរប្រវត្តិនៃពិធីបុណ្យប្រគេនទៀនព្រះវស្សា ដោយបានបញ្ជាក់ថា ទៀនព្រះវស្សា សម្ភារបរិក្ខា រួមទាំងគ្រឿងឧបភោគបរិភោគ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានាថ្ងៃនេះ គឺដើម្បីចូលរួម ចំណែកអុជបំភ្លឺដល់សេចក្តីត្រូវការរបស់ព្រះសង្ឃគ្រប់អង្គក្នុងការសិក្សា គម្ពីរធ៌មវិន័យ និង ព្រះត្រ័យបីដក នៅក្នុងវេលាចូលកាន់ព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនានា៕