(បាត់ដំបង)៖ ច្រកអូររំដួល គឺជាច្រកតំបន់សម្រាប់ដោះដូរទំនិញរវាងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រទេសកម្ពុជា និងស្រុកសយដាវ ខេត្តចាន់បូរី ប្រទេសថៃ។ ច្រកនេះ បានក្លាយទៅជាកន្លែងដោះដូរទំនិញដ៏សំខាន់មួយ។ កសិផលមានដូចជាពោត និងដំឡូង របស់ពលរដ្ឋក្នុងស្រុកភ្នំព្រឹក និងសំពៅលូនភាគច្រើនដឹកចេញទៅប្រទេសថៃ តាមច្រកអូររំដួលនេះ។
ក្រុមឈ្មួញប្រមូលទិញពោត ឬហៅថា សៃឡ នៅក្នុងស្រុកភ្នំព្រឹក បានលើកឡើងថា អ្នករកស៊ីចូលចិត្តដឹកជញ្ជូនទំនិញតាមច្រកនេះ ក៏ដោយសារវាច្រកតំបន់ ដូច្នេះការបំពេញបែបបទ និងឯកសារចេញចូលផ្សេងៗមិនស្មុគស្មាញ ឬត្រូវរង់ចាំយូរនោះឡើយ។
ក្រុមឈ្មួញប្រមូលទិញពោត បានឱ្យដឹងថា រថយន្តដឹកកសិផលចេញចូលតាមច្រកនេះ គឺគេបង់លុយជូនមន្ត្រីច្រកទាំងខាងខ្មែរ និងថៃ ក្នុងមួយក្បាលឡានចំនួន ១៣,០០០បាត ឬស្មោះប្រហាក់ប្រហែល ៤០០ដុល្លារអាមេរិក។ បើតាមការបញ្ជាក់របស់មន្ត្រីបានឱ្យដឹងថា ក្នុងរដូវប្រមូលកសិផលមានរថយន្តឆ្លងកាត់ច្រកអូររំដួលនេះ រាប់សិបគ្រឿង ហើយថ្ងៃខ្លះអាចចូលដល់ខ្ទងរយ។
ច្រកអូររំដួលនេះ មិនត្រឹមតែងាយស្រួលក្នុងការចេញចូលព្រោះមិនតម្រូវបំពេញឯកសារស្មុគស្មាញច្រើននោះទេ តែក៏ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ ពោលមិនមានការត្រួតពិនិត្យ ឬកំណត់ទម្ងន់នៃការដឹកជញ្ជូន ដូចជាច្រកកម្រិតអន្តរជាតិនោះដែរ។
រថយន្តដឹកទំនិញចេញចូលច្រកអូររំដួល ជាពិសេសការដឹកកសិផលចេញពីខ្មែរ ពីសំណាក់រថយន្តឈ្មួញថៃ ត្រូវបានគេអះអាងថា ដឹកលើសទម្ងន់រាប់សិបតោន។ មានព័ត៌មានខ្លះរាយការណ៍ថា ការចេញចូលតាមច្រកអូររំដួលនេះ ក៏មានអ្នកកាងការពារដឹកលើសទម្ងន់ថែមទៀតផង។ ដោយមានអ្នកកាងរឿងដឹកលើសទម្ងន់នេះ ធ្វើឱ្យឈ្មួញថៃចូលចិត្តប្រើច្រកនេះ បម្រើការដឹកជញ្ជូនទំនិញពីខ្មែរ ចូលទៅទឹកដីថៃ។
ការដឹកលើសទម្ងន់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយក្នុងការធ្វើឱ្យផ្លូវឆាប់សឹករិចរិល និងឆាប់ខូចមុនអាយុកាលកំណត់តាមបច្ចេកទេស។ ផ្លូវនៅតាមព្រំដែនភាគច្រើនជាផ្លូវកម្រិតប្រភេទកៅស៊ូមួយស្រទាប់ ឬហៅថា DBST។ ប្រភេទផ្លូវនេះ មិនអាចឱ្យការដឹកជញ្ជូនដាក់ទម្ងន់តាមអំពើចិត្តនោះឡើយ ឬលើសពីទម្ងន់ដែលច្បាប់បានកំណត់នោះឡើយ។ បើមិនដូច្នោះផ្លូវនឹងឆាប់ខូច និងឆាប់សឹករិចរិលមុនកាលកំណត់មិនខាន។
រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ ពោល គឺយកចំនួនទម្ងន់ដឹកលើសនោះគុណបន្តគ្នាចំនួន៣ដង នឹងរកឃើញចំនួនរថយន្តធ្វើចរាចរណ៍លើផ្លូវ។ ឧទាហរណ៍ រថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺគេយក ១០ គុណ ១០ ស្មោះ១០០, យក ១០០ គុណ ១០ ស្មើ ១,០០០, យក ១,០០០ គុណ ១០ ស្មោះ ១០,០០០។ ដូច្នេះរថយន្តមួយគ្រឿងដឹកលើស ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងបានធ្វើចរាចរណ៍លើផ្លូវ។
បច្ចុប្បន្នផ្លូវលេខ៥៩ ដែលជាប្រភេទផ្លូវ DBST តភ្ជាប់ស្រុកភ្នំព្រឹក សំពៅលូន ទៅកាន់ច្រកអូររំដួលនេះ កំពុងរងការខូចជាបណ្តើរៗហើយ។ មូលហេតុចម្បងមួយ គឺផ្តើមចេញពីការដឹកជញ្ជូននេះ។
ការដឹកជញ្ជូនលើសទម្ងន់កំណត់ចេញចូលតាមច្រកអូររំដួលនេះ ត្រូវបានគេរាយការណ៍ថា មានការឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីច្រក និងក្រុមឈ្មួញ ទើបនាំឱ្យរថយន្តឈ្មួញថៃដឹកទំនិញលើសទម្ងន់ចេញចូលតាមច្រកនេះដោយសេរី។
មានការចោទសួរ តើការដឹកលើសទម្ងន់ចេញចូលតាមច្រកអូររំដួល ពីសំណាក់រថយន្តឈ្មួញថៃនេះ ដោយសារតែមន្ត្រីច្រកខ្វះជំនាញពិនិត្យរថយន្តដឹកលើសទម្ងន់ ឬក៏ដោយសារលុយបាំងភ្នែក?
ឆ្លើយនឹងសំណួរនេះ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា «កិច្ចការនេះមិនមែនលោកប្រធានច្រកមិនដឹងថារថយន្តដឹកលើសទម្ងន់ទេ។ ច្រកអូររំដួលនេះជាច្រកតំបន់ ការដឹកទំនិញតាមច្រកនេះមានការឃុបឃិតរបស់ឈ្មួញ ដូច្នេះរថយន្តមកតាមច្រកនេះសុទ្ធតែលើសទម្ងន់។ បើអត់លើសទម្ងន់អត់មកតាមច្រកនេះទេ»។
លោក ឯក រដ្ឋ បន្ថែមថា «ខ្ញុំមិនដឹងថា គាត់ដឹង ឬធ្វើមិនដឹងនោះទេ? រថយន្តខ្ញុំចាប់ពីរដងនេះ គឺអត់ដែលឃើញ ៥០តោនម្តងណាទេ ចាប់ឡើងជាង ៧០តោន ជាង ៨០តោន និង ៩០តោនគត់។ ទម្ងន់ទាំងនេះ គឺជាទម្ងន់ខ្លាំងណាស់ គឺធ្វើឱ្យខូចផ្លូវថ្នល់មែនទែន»។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានអំពាវនាវដល់មន្ត្រីច្រកព្រំដែនក្នុងខេត្តបាត់ដំបង ឱ្យចូលរួមទប់ស្កាត់ការដឹកលើសទម្ងន់កំណត់នេះ ដោយផ្សព្វផ្សាយពាក់ព័ន្ធការដឹកជញ្ជូននេះ ទៅដល់អ្នកដឹកជញ្ជូនរបស់ថៃ។
លោកអភិបាលរងខេត្តបាត់ដំបង បានអំពាវនាវបែបនេះ «ចាប់ពីពេលនេះតទៅសូមឱ្យបណ្តាប្រធានស្នាក់ការច្រកទ្វារតំបន់ព្រំដែន ឬច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលខេត្ត ជួយអប់រំផ្សព្វផ្សាយ ចែកចាយខិតប័ណ្ណណែនាំអំពីការដឹកលើសកម្រិតទម្ងន់កំណត់ ដើម្បីឱ្យភាគថៃ ចូលរួមអនុវត្តន៍។ ភាគីថៃនេះ ដូចបញ្ជាក់ហើយបញ្ជាក់ទៀត កាលណាប្រាប់គេ គឺគេអនុវត្តន៍តាមយើងហើយ គេមិនហ៊ានល្មើសទេ»។
តាមរយៈការផ្សព្វផ្សាយនូវច្បាប់ពាក់ព័ន្ធនៃការដឹកជញ្ជូន ក៏ដូចជាការគំរាមកំហែងដល់ផ្លូវថ្នល់ពីការដឹកលើសទម្ងន់នេះ គេសង្ឃឹមថា មន្ត្រីច្រកព្រំដែនអូររំដួល បានជ្រូតជ្រាម ទទួលបានជំនាញ ហើយនឹងមិនឱ្យលុយបាំងភ្នែកទុករថយន្តដឹកលើសទម្ងន់ឆ្លងកាត់បំផ្លាញផ្លូវតម្លៃរាប់លានដុល្លារនោះទេ៕