(ភ្នំពេញ)៖ ក្រោយមានការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងដល់សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជន ស្តីពីការកែសម្រួលលក្ខខណ្ឌ តម្រូវចត្តាឡីស័កចំពោះទេសចរជាតិ-អន្តរជាតិដែលពុំទាន់ចាក់វ៉ាក់សាំង
ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដា្ឋនមិនទាន់បានពេញលេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ការកែសម្រួលលក្ខខណ្ឌនេះត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ដោយអនុវត្តតាមនីតិវិធីដូចខាងក្រោម៖
១៖ តម្រូវឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារអន្តរជាតិ ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស នៅពេលទេសចរអន្តរជាតិមកដល់កម្ពុជា ត្រូវបង់ថ្លៃសេវាធ្វើតេស្តម្នាក់៥ដុល្លារអាមេរិក។
* ករណីលទ្ធផលតេស្ដរហ័សអវិជ្ជមាន៖ ទេសចរជាតិ-អន្តរជាតិអាចធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍ទូទាំងប្រទេសកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។
* ករណីលទ្ធផលតេស្តរហ័សវិជ្ជមានជាជំងឺស្រាល៖ ត្រូវធ្វើការព្យាបាលដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកវីដ-១៩នៅតាមផ្ទះ ដោយរាល់ការចំណាយជាបន្ទុកផ្ទាល់ខ្លួន។ ត្រង់ចំណុចនេះ ប្រសិនបើទេសចរជាតិ-អន្តរជាតិដែលមានទីតាំងស្នាក់នៅសមរម្យអាចធ្វើការសម្រាកព្យាបាលដោយខ្លួនឯង ប៉ុន្តែប្រសិនបើទេសចរជាតិ-អន្តរជាតិដែលពុំមានទីតាំងស្នាក់នៅសមរម្យ ត្រូវសម្រាកព្យាបាលដោយស្នាក់នៅទីតាំងកំណត់ដោយក្រសួងសុខាភិបាល ឬដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
* ករណីលទ្ធផលតេស្តរហ័សវិជ្ជមានជាជំងឺធ្ងន់៖ ទេសចរជាតិ-អន្តរជាតិ ត្រូវទទួលការព្យាបាលនៅផ្នែកព្យាបាលជំងឺកូវីដ-១៩តាមមន្ទីរពេទ្យដែលបានធ្វើសមាហរណកម្មក្នុងប្រព័ន្ធសុខាភិបាលតែមួយ ដោយត្រូវទូទាត់ថ្លព្យាបាល និងថ្លៃស្នាក់នៅដោយខ្លួនឯងចំពោះទេសចរអន្តរជាតិ។
ទី២៖ ទេសចរជាតិ-អន្តរជាតិដែលខកខានមិនបានចាក់វ៉ាក់សាំងដោយកត្តាផ្សេងៗ សូមប្រញាប់ទៅចាក់វ៉ាក់សាំងនៅទីកន្លែងចាក់វ៉ាក់សាំងដែលនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ដោយពុំតម្រូវឱ្យបង់ប្រាក់ឡើយ។
ក្រសួងទេសចរណ៍ក៏បានអំពាវនាវនិងលើកទឹកចិត្តសមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជនឱ្យបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOPs) សម្រាប់វិស័យទេសចរណ៍ និងវិធានសុខាភិបាល ជាពិសេសវិធានការ «៣កុំ ៣ការពារ» និងតាមដានសុខភាពឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៩ជាយថាហេតុ ក៏ដូចជាផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញទេសចរជាតិ-អន្តរជាតិឲ្យមកទស្សនា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ សុវត្ថិភាពស្អាត និងបៃតង» កាន់តែច្រើន៕