(ក្រចេះ)៖ ជនដៃដល់ដែលប្រើពូថៅកាប់ទៅលើប្អូនថ្លៃស្រីបណ្ដាលឲ្យស្លាប់ ហើយព្យាមហែលទឹកទន្លេដើម្បីគេចខ្លួន ត្រូវកម្លាំងនគរបាលស្ទាក់ចាប់បានភ្លាមៗក្រោយពីហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ នៅចំនុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំបូរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទី ស្រីម៉ៅ អាយុ២៧។ ចំណែកជនសង្ស័យឈ្មោះ ថា លីនណាន អាយុ៣៤ឆ្នាំ អ្នកទាំងពីររស់នៅ ភូមិ ឃុំកើតហេតុជាមួយគ្នា។

មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយនិយាយគ្នាជាមួយបងស្រីឈ្មោះ ថា លីនេត លើគ្រែក្រោមផ្ទះ ពេលនោះជនសង្ស័យបានឡើងពីមាត់ទន្លេ ហើយបានទាញពូថៅកាប់ទៅលើជនរងគ្រោះ ត្រូវមួយពូថៅចំកញ្ចឹងករខាងក្រោយ បណ្ដាលឲ្យរងរបួសជាទម្ងន់ (ដោយគ្មានមូលហេតុ) បន្ទាប់មកក្រុមគ្រួសារបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ តែអកុសលពេលទៅដល់មន្ទីពេទ្យបង្អែកស្រុកសំបូរ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ចំណែកជនសង្ស័យក្រោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់ លុះដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល កម្លាំងជំនាញស្រុកសំបូរ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹងចារ និងកម្លាំងប្រជាការពារបានចុះចាប់ឃាត់ខ្លួន នៅចំណុចកណ្ដាលទឹកទន្លេមេគង្គ ខណៈពេលដែលជននេះកំពុងហែលទឹកបម្រុងគេចខ្លួន។

តាមរយៈការសួរនាំ ជនដៃដល់បានឆ្លើយសារភាពថា ឲ្យតែឃើញជនរងគ្រោះខ្លួនមានចិត្តខឹង ហើយស្អប់ទើបយកពូថៅកាប់តែម្ដង។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងបន្ដសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី៕