(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកទៀនវស្សា និងទេយ្យទាន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្តឧត្តមរតនារាមអូរចេង ហៅវត្តអូរចេង និងបាននាំយកបច្ច័យ, ទេយ្យទាន, គ្រឿងឧបភោគបរិភោគ ដែលជាការចូលរួមរបស់នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទៅប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុងស្រុកកូនមុំ ដើម្បីឧទ្ទិសកុសលជូនមាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋាន។
សម្រាប់ទេយ្យទានដែលប្រគេនជូនព្រះសង្ឃទាំង ១០វត្ត ក្នុងស្រុកកូនមុំ ដោយវត្តនីមួយៗទទួលបានទៀនវស្សាចំនួន១គូ មីយើង២កេស ប្រេងឆា៣លីត្រ ស្ករស២គីឡូក្រាម ប៊ីចេង១គីឡូក្រាម ទឹកស៉ីអ៉ីវ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធវីតាល់២កេស អង្ករ៥០គីឡូក្រាម និងបច្ច័យ៤០ម៉ឺនរៀល។ ចំណែកឯតាអាចារ្យចំនួន៦នាក់ ក្នុងម្នាក់ៗបច្ច័យ៥ម៉ឺនរៀល និងយាយជីចំនួន៨នាក់ ក្នុងម្នាក់ៗបច្ច័យ៣ម៉ឺនរៀល។
នេះជាការរួមចំណែក ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ខណៈពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធ ហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែកក្តិក។
ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសតកូន តចៅរហូតមកដល់បច្ចុប្បន្ន៕