(ក្រចេះ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេងប្រពៃណីខ្មែរ និងរបាំដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខចម្រើន ជូនដល់ប្រទេសជាតិ និងប្រគេនទៀនព្រះវស្សាព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៣វត្ត គឺវត្តព្រះវិហារលាវ វត្តវិហារគោក និងវត្តវិហារសសរ ១០០នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។
ពិធីសាសនានេះ អាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះ បានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ប្រជាពលរដ្ឋ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន គ្រប់ៗគ្នា ជាពិសេស សូមគ្រប់ក្រុមគ្រួសារជៀសផុតនូវជំងឺកាចសាហាវផ្សេងៗ៕