(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា រយៈពេល ៤១ឆ្នាំប្រទេសកម្ពុជាមានសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់ វិស័យទាំង វិស័យពុទ្ធចក្រ និងអាណាចក្រហើយពលរដ្ឋមានសិទ្ធិ ក្នុងការប្រកបរបររកស៊ីគ្រប់បែបយ៉ាង និងមានជំនឿលើសាសនា ផ្សេងៗ ដែលខ្លួនស្រឡាញ់ផងដែរ។
លោក ចាន់ កុលបុត្រ បានធ្វើឡើងនៅក្នុងវិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានព្រមទាំងបច្ច័យមួយចំនួនដល់វត្តចំនួន៣ ក្នុងឃុំពងទឹករួមមាន៖ វត្តព្រៃតាយ័ន្ត វត្តទួលតាកែវ និងវត្តសេកមាស នាព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២២ ដែលមានចូលរួមពីលោកឯក សាររឿនជាក្រុមការងារ លោកមេឃុំ ក្រុមប្រឹក្សាឃុំប្រជាពុទ្ធបរិស័ទជាច្រើននាក់ផងដែរ។
លោកបានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា ។
លើសពីនេះ លោកបានបញ្ជាក់ថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត និងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរ ប្រគេនដល់ ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ។
បន្ថែមពីនេះ លោកបានបន្ដថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ ដោយចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យ ព្រះពុទ្ធសាសនា ដែលបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗវត្តបានឡើយ ដោយគង់នៅចាំព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន វស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។
ជាងនេះទៅទៀត លោកបានគូសបញ្ជាក់ថា ទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើង ដែលជាជង្រុកនៃ សម្បត្តិវប្បធម៌ជាតិ និង ជាថ្នាលបណ្តុះបណ្តាល នូវធនធានមនុស្ស ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។ ហើយសូមប្រជាពុទ្ធបរិស័ទរួមគ្នាធ្វើការអប់រំកូនចៅឲ្យចាកឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សា បរិស្ថាន អនាម័យ និងសូមចូលរួមទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបានធ្វើកិច្ច នមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនវស្សា និងគ្រឿងបរិក្ខារ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅរដូវចាំព្រះវស្សានេះតាមតម្រូវការ។
ជាថ្មីម្ដងទៀត លោក ចាន់ កុលបុត្រ បានវេរប្រគេនទៀន ព្រះវស្សាទេយ្យវត្ថុព្រមទាំងបច្ច័យមួយចំនួននៅថ្ងៃនេះដើម្បី ឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុង បុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់លោក ខាងមុខផងដែរ៕