(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងនគរបាល ប្រជាបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ ឆ្នាំ២០២២ គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសបន្ទាប់។

កិច្ចប្រជុំនេះ ត្រូវបានប្រាព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។

នាឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលនគរបាលសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២២។ លោកបានលើកពីចំនុចខ្លាំង ចំនុចខ្សោយ ត្រួតពិនិត្យ និង វាយតម្លៃ ដើម្បីដាក់ចេញនូវផែនការសម្រាប់អនុវត្តន៍បន្តនៅឆមាសបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានក្រើនរំលឹក ដល់គ្រប់នគរបាលប៉ុស្តិ៍ទាំងអស់ ត្រូវមានឥរិយាបថទន់ភ្លន់ ទាំងកាយវិការ និងពាក្យសម្តីពេលផ្តល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។ ក្រៅពីនេះ នគរបាលចរាចរណ៍ ត្រូវអនុវត្តន៍ច្បាប់ឲ្យបានល្អ និងបន្តផ្សព្វផ្សាយពីច្បាប់ និងគ្រោះថ្នាក់ ចរាចរណ៍ឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់និងស្លាប់។ កម្លាំងនគរបាលការពារព្រំដែនត្រូវទប់ស្កាត់ ឲ្យបានរាល់បទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទពលករឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម។

បន្ថែមពីនេះ លោកឧត្តមសេនីយទោស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំង នគរបាលគ្រប់ជំនាញពាក់ពន្ធ័។ លោកបានអំពាវនាវឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវគោរពបទបញ្ជា០០៦ ឲ្យបានម៉ឺងម៉ាត់ ត្រូវអនុវត្ត តួនាទី ភារកិច្ច ត្រៀមកម្លាំងសម្រាប់អន្តរាគមន៍២៤ម៉ោង លើ២៤ម៉ោង។ លើសពីនេះទៀត តាមស្រុកនីមួយៗ គោលដៅស្មុគស្មាញត្រូវជម្រុញឲ្យពលរដ្ឋ ដាក់កាំម៉េរ៉ាសុវត្ថិភាព ដើម្បីឲ្យជំនាញ ងាយក្នុងការស៊ីបអង្គេត បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុសំដៅធានាឲ្យ បានសន្តិសុខសុវត្ថិភាព ១០០% ជូនពលរដ្ឋក្នុងមូលដ្ឋាន៕