(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំ សមាជិក និងសមាជិកានៃសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចំនួន៥០០នាក់ បានទៅទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ កែវ ផុស ខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភ របស់លោកបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឺទ្ធសភា កម្ពុជា-ចិន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំ សមាជិក និងសមាជិកានៃសមាគមនិស្សិតកម្ពុជា ខាងលើនេះ ដឹកនាំដោយលោក អ៊ុ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម កញ្ញា ហោ រស្មី ប្រធានសមាគមអាណត្តិ ទី៥ លោក ញិល សូវៀត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម លោក ហុង ហេងទ្រី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម។

កញ្ញា ហោ រស្មី បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សាទៅតំបន់អភិវឌ្ឍន៍កែវផុសនេះ គឺជាទស្សនកិច្ចសិក្សាលើកដំបូងសម្រាប់បងប្អូននិស្សិត ដែលសិក្សានៅប្រទេសចិន។

កញ្ញាបន្ដថា ការធ្វើទស្សនកិច្ចសិក្សា ទៅតំបន់អភិវឌ្ឍន៍កែវផុស ជំរុញឲ្យបងប្អូននិស្សិតទាំងអស់ បានសិក្សាស្វែងយល់ជាថ្មី និងបន្ថែម អំពីការអភិវឌ្ឍន៍លើវិស័យកសិកម្ម និងឧស្សាហកម្ម ក្នុងប្រទេសកម្ពុជា ហើយក៏ជាឱកាសកម្រមួយ សម្រាប់បងប្អូននិស្សិតយើង បានជួបជុំ និងសិក្សាចំណេះដឹងថ្មីៗជាមួយគ្នា។ មូយវិញទៀត ទស្សនកិច្ចសិក្សាមូយនេះ បង្ហាញពីចំនងមិត្តភាព និងសាមគ្គី រវាងបងប្អូននិស្សិត។

លោក ញិល សូវៀត បានលើកឡើងថា ក្រោយពីនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសចិន បានធ្វើទស្សនកិច្ចសិក្សាគ្រប់តំបន់អភិវឌ្ឍនៅខេត្តព្រះសីហនុ របស់លោកបណ្ឌិត ម៉ុង ឫទ្ធី រួចមក បានធ្វើឲ្យបងប្អូននិស្សិតយើងទាំងអស់គ្នា ទទួលបាននូវចំណេះដឹងជាច្រើន ទាក់ទងនឹងការអភិវឌ្ឍន៍លើវិស័យកសិឧស្សាហកម្មនៅកម្ពុជា ដូចជា៖

១៖ បច្ចេកវិទ្យាថ្មីៗទំនើបកម្មលើវិស័យកសិកម្ម ដោយប្រើពេលវេលាតិច និងទទួលបានផលច្រើន។
២៖ ពូជសត្វ និងរុក្ខជាតិថ្មីៗ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន។
៣៖ អភិវឌ្ឍតំបន់កសិ-ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក្នុង និងក្រៅប្រទេស។
៤៖ កែឆ្នៃវត្ថុធាតុដើមក្នុងស្រុកដើម្បីលក់ក្នុងទីផ្សារក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេសស្របតាមស្តង់ដារអន្តរជាតិ។
៥៖ កាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស ដើម្បីឲ្យទីផ្សារក្នុងស្រុកមានស្ថេរភាព។
៦៖ បង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ឲ្យមានការងារធ្វើ បង្កើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុក។ ដូច្នេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបពិតជាបានជួយអភិវឌ្ឍសេដ្ឋកម្ពុជា ឲ្យមានការរីកចំរើន។

លោក អ៊ុ វុទ្ធទី បានលើកឡើងថា តាមរយៈដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ជាំងអំពីការយកចិត្តទុកដាក់របស់ លោកបណ្ឌិត ម៉ុង ឫទ្ធី ចំពោះយុវជនជំនាន់ក្រោយ។ ជាពិសេសការជំរុញឲ្យនិស្សិត ខិតខំសិក្សាផ្នែកកសិកម្ម ដើម្បីចូលរួមចំណែកការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែទំនើប និងរីកចម្រើន ដោយហេតុថា សេដ្ឋកិច្ចប្រទេសកម្ពុជាយើង ពឹងផ្អែកលើវិស័យកសិកម្មជាស្នូល។

លោកថា នេះក៏ជាការលើកទឹកចិត្តដល់បងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សាអនឡាញពីប្រទេសកម្ពុជា ដែលរង់ចាំឱកាសត្រលប់ទៅសិក្សានៅប្រទេសចិនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហាញអំពីការពេញចិត្តស្រលាញ់ចំពោះនិស្សិតកម្ពុជា ដែលសិក្សានៅប្រទេសចិន ដែលតែងតែរក្សាការសាមគ្គី និងឯកភាពផ្ទៃក្នុង ក្នុងការដឹកនាំសមាគមនិស្សិតកន្លងមក ជាពិសេស ការប្រមួលផ្តុំ នាំនិស្សិតមកទស្សនកិច្ចសិក្សាមួយនេះ ដែលបានផ្តល់នូវពុទ្ធិផែ្នកកសិ-ឧស្សាហកម្ម ជូនដល់បងប្អូននិស្សិត ដែលជាទំពាំងស្នងឬស្សី សម្រាប់បន្តវេននៅថ្ងៃក្រោយ។

លោកបណ្ឌិត ស្វាគមន៍ចំពោះ បងប្អូននិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន គ្រប់ជំនាញ ជាពិសេសខាងផ្នែកកសិកម្ម ដែលមានបំណងធ្វើការ ឬចុះកម្មសិក្សា នៅក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។

លោកបណ្ឌិត ក៏បានលើកទឹកចិត្តបងប្អូននិស្សិត ឲ្យខិតខំសិក្សារៀនសូត្រ ទោះបីកំពុងសិក្សាតាមអនឡាញក្តី និងជូនពរឲ្យបងប្អូននិស្សិត បានត្រលប់ទៅសិក្សាដោយផ្ទាល់នៅប្រទេសចិនវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕