(បាត់ដំបង)៖ មន្ត្រីជញ្ជីងចល័ត និងអភិបាលរងខេត្តបាត់ដំបង បានលើកឡើងដូចគ្នាថា ក្រុមអ្នករកស៊ីប្រមូលទិញពោត និងកសិផលនានានៅតាមជាយដែនខិលខូចមួយចំនួន គឺជាអ្នកនៅពីក្រោយ និងជាអ្នកលើកទឹកចិត្តឱ្យឈ្មួញថៃចូលមកដឹកលើសទម្ងន់នៅក្នុងប្រទេសកម្ពុជា។
ការដឹកលើសទម្ងន់ត្រូវបានរកឃើញថា ជាមូលហេតុចម្បងមួយក្នុងការធ្វើឱ្យផ្លូវឆាប់សឹករិចរិល និងឆាប់ខូចមុនអាយុកាលកំណត់តាមបច្ចេកទេស។ ផ្លូវនៅតាមព្រំដែនភាគច្រើនជាផ្លូវកម្រិតប្រភេទកៅស៊ូមួយស្រទាប់ ឬហៅថា DBST។ ប្រភេទផ្លូវនេះ មិនអាចឱ្យការដឹកជញ្ជូនដាក់ទម្ងន់តាមអំពើចិត្តនោះឡើយ ឬលើសពីទម្ងន់ដែលច្បាប់បានកំណត់នោះឡើយ។ បើមិនដូច្នោះផ្លូវនឹងឆាប់ខូច និងឆាប់សឹករិចរិលមុនកាលកំណត់មិនខាន។
រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង ធ្វើចរាចរណ៍នៅលើដងផ្លូវ ពោល គឺយកចំនួនទម្ងន់ដឹកលើសនោះគុណបន្តគ្នាចំនួន៣ដង នឹងរកឃើញចំនួនរថយន្តធ្វើចរាចរណ៍លើផ្លូវ។ ឧទាហរណ៍ រថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺគេយក ១០ គុណ ១០ ស្មោះ១០០, យក ១០០ គុណ ១០ ស្មើ ១,០០០, យក ១,០០០ គុណ ១០ ស្មោះ ១០,០០០។ ដូច្នេះរថយន្តមួយគ្រឿងដឹកលើស ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងបានធ្វើចរាចរណ៍លើផ្លូវ។
ដោយមើលឃើញពីបញ្ហាប្រឈមនៃការខូចផ្លូវដោយសារការដឹកជញ្ជូនលើសទម្ងន់កំណត់នេះហើយ ទើបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំរិះរកគ្រប់មធ្យាបាយដោយអនុលោមទៅតាមច្បាប់ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់នេះ។ នៅតាមផ្លូវជាតិត្រូវបានដាក់ជញ្ជីងអល័ត ហើយក្រុមជញ្ជីងចល័ត ចុះប្រតិបត្តិការនៅតាមផ្លូវនានា ដែលមិនមានជញ្ជីងអចល័ត។
ប្រតិបត្តិការទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់នេះ បានធ្វើឱ្យក្រុមអ្នករកស៊ីដឹកជញ្ជូនមិនសប្បាយចិត្តនោះឡើយ។ ពួកគេលើកហេតុផលប្រហាក់ប្រហែលគ្នាថា នឹងធ្វើឱ្យពួកគេមិនអាចរកផលចំណេញពីការដឹកជញ្ជូន។ ប្រតិបត្តិការរបស់មន្ត្រីតែងតែផ្ទុះការប្រទាំងប្រទើសគ្នារវាងមន្ត្រី និងឈ្មួញផងដែរ។
ជាក់ស្តែងប្រតិបត្តិការមន្ត្រីជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លើទឹកដីជាយដែនក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ខែកក្កដា កន្លងទៅនេះ បានបង្កឱ្យមានបាតុភាពតវ៉ាមួយចំនួនចេញពីក្រុមឈ្មួញរកស៊ីទទួលទិញពោត។ ប្រតិកម្មរបស់ក្រុមឈ្មួញខ្មែរប្រមូលទិញពោតលើការទប់ស្កាត់ការដឹកលើសទម្ងន់កំណត់នេះ ដោយពួកគេលើកហេតុផលថា ការមិនឱ្យដឹកលើសទម្ងន់រថយន្តរបស់ឈ្មួញថៃ នឹងមិនចូលមកទិញពោតពីខ្មែរនោះទេ។
ក្រុមឈ្មួញថែមទាំងលើកទៅកាន់កសិករជាអ្នកដាំពោតទៀតថា ការមិនឱ្យឈ្មួញថៃដឹកលើសទម្ងន់នឹងធ្វើឱ្យរាំងស្ទះដល់ការប្រមូលផលពោតផងដែរ។ សម្តីរបស់ឈ្មួញបានបង្កើតឱ្យប្រជាពលរដ្ឋជាកសិករខ្លះ និងកម្មករដែលឈ្មួញរៀបចំមកខ្លះនាំគ្នាទៅតវ៉ារារាំងការអនុវត្តន៍ច្បាប់របស់មន្ត្រីថែមទៀតផង។ ការរារាំងមន្ត្រីអនុវត្តន៍ច្បាប់ គឺជាទង្វើខុសនឹងច្បាប់ ហើយត្រូវរងទោសទណ្ឌនៃក្រមព្រហ្មទណ្ឌរបស់កម្ពុជាថែមទៀតផង។
ស្រុកភ្នំព្រឹក និងសំពៅលូន ខេត្តបាត់ដំបង ជាតំបន់មួយដែលប្រជាពលរដ្ឋប្រកបរបរធ្វើចម្ការដាំពោត ដាំដំឡូងមីជាដើម។ ពេលប្រមូលផលពួកគេយកទៅលក់ឱ្យឈ្មួញខ្មែរ ឬភាសាតំបន់ហៅថាំសៃឡូ ហើយក្រុមឈ្មួញខ្មែរលក់បន្តទៅឈ្មួញថៃ។
ក្នុងកំលុងពេលនេះផលពោតរបស់កសិករនៅភ្នំព្រឹក និងសំពៅលូន ចាប់ផ្តើមប្រមូលផលហើយ។ ឈ្មួញខ្មែរ និងថៃ កំពុងមមាញឹកលើការរកស៊ីរបស់ពួកគេផងដែរ។ ច្រកអូររំដួល ស្ថិតក្នុងស្រុកភ្នំព្រឹក គឺជាច្រកតំបន់រវាងកម្ពុជា និងថៃ បានក្លាយទៅជាច្រកដែលដឹកកសិផលពីខ្មែរ ទៅថៃច្រើនបំផុត ក្នុងរដូវប្រមូលផលកសិផលនេះ។ ក្នុងមួយថ្ងៃៗមានរថយន្តចេញចូលរហូតដល់រាប់រយរថយន្ត។
ការដែលរថយន្តដឹកជញ្ជូនកសិផលរវាងខ្មែរ និងថៃ ចេញចូលច្រកអូររំដួលច្រើន ដោយសារមិនមានការបំពេញបែបបទនាំឱ្យស្មុគស្មាញច្រើន ហើយអាចដឹកទម្ងន់តាមចិត្តចង់ថែមទៀត។ ក្រុមឈ្មួញអះអាងថា ពួកគេបង់តែមួយក្បាលឡានត្រឹមប្រមាណ ១៣,០០០បាត ឬស្មោះនឹងប្រហែល ៤០០ដុល្លារ ជូនទៅមន្ត្រីគ្រប់គ្រងច្រករវាងប្រទេសទាំងពីរជាការស្រេច។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានប្រាប់ Fresh News ថា អ្នកដឹកជញ្ជូនរបស់ថៃ គេចាប់តែធ្វើ និងអនុវត្តន៍តាមច្បាប់របស់ខ្មែរនោះទេ ព្រោះនៅខាងថៃ ក៏គេអនុវត្តន៍ច្បាប់ដឹកជញ្ជូនតឹងរឹងណាស់។ អ្នកដឹកជញ្ជូនលើសទម្ងន់កំណត់ អាចជាប់ពន្ធនាគារថែមទៀតផង។
លោកអភិបាលរង បានហៅការដឹកលើសទម្ងន់កំណត់របស់ឈ្មួញថៃ គឺដោយសារតែឈ្មួញ និងមន្ត្រីនៅតាមច្រកបើកដៃឱ្យពួកគេប្រព្រឹត្ត។ ដើម្បីជម្រាបច្បាស់សូមទស្សនា និងស្តាប់នូវ បទសម្ភាសន៍ទាំងស្រុងរវាង Fresh News ជាមួយមន្ត្រីគ្រប់គ្រងជញ្ជីងចល័ត និងអភិបាលរងខេត្តបាត់ដំបង ជុំវិញការដឹកជញ្ជូនលើសទម្ងន់កំណត់តាមផ្លូវនៅជាយដែន៕