(ក្រចេះ)៖ ដើម្បីចូលរួមជួយលើកស្ទួយវិស័យ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, មេបញ្ជាការរងកងទ័ពជើងអាកាស, ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រែកប្រសព្វ រួមជាមួយលោក លោកស្រី និងអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ព្រមទាំងសប្បុរសជន ប្រជាពុទ្ធបរិស័ទ្ធ មកពីទីជិតឆ្ងាយជាច្រើនទៀត បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុនិងបច្ច័យ បាននាំយកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាចំនួន១២វត្ត ស្ថិតក្នុងស្រុកឆ្លូង និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទនាឱកាសប្រគេនទៀនព្រះវស្សានោះលោកបណ្ឌិត ឈួន ថាវរិន្ទ បានពាំនាំនូវប្រសាសន៍ផ្ទាំផ្ញើសាកសួសុខទុក្ខ ពីសម្តេចតេជោប្រមុខ រាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនពរចំពោះព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកព្រែកប្រសព្វ និងសូមថ្លែងអំណរគុណ លោកយាយ លោកតា អ៊ុ ពូ មីង និងប្រជាពលរដ្ឋទាំងអស់ ក្នុងនាមជាម្ចាស់សន្លឹកឆ្នោត ដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ចូលរួមការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍន៍ទាំងនៅមូលដ្ឋាន ក្នុងស្រុកព្រែកប្រសព្វទាំងមូល។
លោកបណ្ឌិត បានបញ្ជាក់ថា «លទ្ធផលបោះឆ្នោតបានជោគជ័យដ៏ត្រចះត្រចង់ក្នុងស្រុកព្រែកប្រសព្វនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីសេចក្តីសម្រេចចិត្ត របស់ប្រជាពលរដ្ឋ ប្រកបដោយការជឿជាក់ គោរព ស្រលាញ់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូច្នេះ បងប្អូន ប្រជាពុទ្ធបរិស័ទយើងត្រូវរួមគ្នាថែរក្សា ការពារ សុខសន្តិភាព ស្ថេរភាពនយោបាយ ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំពុះពារដោយ លំបាក បំផុតគឺការយកជីវិតរបស់សម្តេចធ្វើជាដើមទុន»។
ជាពិសេសក្នុងវិបត្តិកូវីដ១៩ ជាសកល ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញវិធានការនានាជាច្រើន ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធនិងពីប្រជាពលរដ្ឋ ព្រមទាំងបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសដោយឥតគិតថ្លៃ រហូតទទួលបានជោគជ័យ រំដោះប្រទេសទាំងមូលឲ្យរួចផុតពីគ្រោះជម្ងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវ ហើយបានបើកប្រទេសឲ្យដំណើរការប្រក្រតីឡើងវិញ។
ក្នុងវេលាប្រគេនទៀព្រះវស្សានោះ លោកបណ្ឌិត ឈួន ថាវរិន្ទ ក៏បានលើកឡើងផងដែរអំពីដំណើរប្រវត្តិនៃពិធីបុណ្យប្រគេនទៀនព្រះវស្សា ដោយបានបញ្ជាក់ថា ទៀនព្រះវស្សា សំភារៈបរិក្ខា រួមទាំងគ្រឿងឧបភោគបរិភោគ នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានាថ្ងៃនេះ គឺដើម្បីចូលរួម ចំណែកអុជបំភ្លឺដល់សេចក្តីត្រូវការរបស់ព្រះសង្ឃគ្រប់អង្គក្នុងការសិក្សា គម្ពីរធ៌មវិន័យ និង ព្រះត្រ័យបីដក នៅក្នុងវេលាចូលកាន់ព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនានាផងដែរ។
លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា រួមជាមួយឯកឧត្តម លោកជំទាវ និងសប្បុរសជន និងជាមួយពុទ្ធសស័ទ្ធចំណុះជើងវត្ត បានវេរប្រគេនព្រះសង្ឃដែលចូលព្រះវស្សាក្នុងទីអារាមនីមួយៗ ទាំង១២វត្ត ក្នុងនោះ ២ វត្ត នៅស្រុកឆ្លូង និង១០វត្តទៀត ក្នុងឃុំព្រែកប្រសព្វ មានទៀនព្រះវស្សា ១៧គូរ ក្នុងនោះ១វត្តមានបច្ច័យ ៣០ម៉ឺនរៀល ព្រមទាំងទេយ្យវត្ថុរួមមាន៖ ទឹកដោះគោ ១២កេស ស្ករស១២បាវ ត្រីខកំប៉ុង១២កេស អង្ករផ្កាខ្ញី១២បាវ ទឹកផ្លែឈើ១២កេស ទឹកសុទ្ធ១២កេស ដើម្បីវេរប្រគេនព្រះសង្ឃទាំង ១២វត្ត សរុបជាថវិកាចំនួន ៨,០១៩ដុល្លារ គិតជាប្រាក់រៀលស្មើនឹង ៣២.០៧៦.០០០រៀល។
ក្នុងនោះបច្ច័យដែលជាកម្លាំងសទ្ធាជ្រះថ្លាពី៖
*លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា ព្រមទាំងបុត្រចំនួន ៥.៥៤៤ ដុល្លារ
*លោក ឆៃ ស៊ីណារិទ្ធ និងលោកស្រី ទេព រ៉ូហ្សេតន៍ ៣០០ដុល្លារ
*អភិបាលស្រុក ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំព្រែកប្រសព្វ ថវិកាចំនួន ២៥០ដុល្លារ
*លោក មុន្នី ហោរ៉ាត និងលោកស្រី ចុង សុឃីម ថវិកា ១០០០ដុល្លារ
*លោកស្រី អ៊ី វាសនា លោក អ៊ឹង បុរីរតន: និងលោកស្រី គ្រង់ លីឆេង ថវិកា ៤០០ដុល្លារ
*លោក អ៊ុក ប៊ុនធឿន និងលោស្រី ហេង ម៉ីម៉ី ថវិកា ២៧៥ដុល្លារ
*លោកស្រី ឈួន គីគន្ធា ថវិកា ២៥០ដុល្លារ។
នាឱកាសនេះដែរ លោកបណ្ឌិត និងលោកស្រី រួមជាមួយសប្បុរសជនក៏បានចែកជូនលោកតា លោកយាយ ពុទ្ធបរិស័ទ្ធចំណុះជើងវត្តដែលបានចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សាចំនួន ១៦០នាក់ ម្នាក់ៗទទួលបានក្រណាត់ស១ដុំ នឹងថវិកា១ ម៉ឺនរៀល៕