(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយស្រុកកំពង់ស្វាយ, លោកឧកញ៉ា គុយ លាងគី រួមទាំងក្រុមគ្រួសារ និងញ្ញាតិមិត្តបងប្អូនបាននាំយក នូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។

លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះ ព្រះសង្ឃនៅគ្រប់ទីវត្តអារាមទូទាំងប្រទេស គោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាសដែលព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងទីវត្តពេលនេះ ត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័ន មន្ត្រី បាននាំយកមកវេរប្រគេន ដល់ព្រះសង្ឃ ដើម្បីព្រះសង្ឃយកទៅដុត បំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី លោកឧកញ៉ា គុយ លាងគី និងបងប្អូនមិត្តភក្តិ ក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ។

លោកស្រីបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ មិនតែប៉ុណ្ណោះបានធ្វើឲ្យខឿន សេដ្ឋរីកចម្រើនរឹងមាំ ហើយរាជរដ្ឋាភិបាលបានបើកទូលាយខាងជំនឿសាសនា និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីប្រជាពលរដ្ឋដោយគ្មាន ការបែងចែកពីជំនឿ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ហើយទន្ទឹមនិងការបើកទូលាយលើជំនឿសាសនានេះដែរ សមិទ្ធិផលយ៉ាងច្រើន ក៏ត្រូវបានកើតឡើងដោយសារតែជំនឿសាសនានេះដែរ ដើម្បីតម្កល់ទុកក្នុងវិស័យសានា សម្រាប់ជាទីសក្ការៈបូជាដល់កូនចៅជំនាន់ក្រោយៗទៀត។

លោកស្រី ឃួន ឃុនឌី បានសំណូមពរឲ្យប្រជាពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា វត្តទាំង១២វត្ត មាន៣វត្តស្ថិតនៅក្នុងស្ទឹងសែន និង០៩វត្ត ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ទេយ្យទាន ក្នុង១វត្ត ប្រគេនទៀនវស្សាវ១គូរ, អង្ករ ទឹកក្រូច មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ សម្ភារៈមួយចំនួន និងថវិកាមួយចំនួនផងដែរ៕