(កំពង់ឆ្នាំង)៖ អតីតពេទ្យយោធាម្នាក់ ដែលមានជំងឺធ្ងន់ធ្ងរ ហើយត្រូវបានលោកអភិបាលខេត្តកំពង់ឆ្នាំង គិតគូរ យកចិត្តទុកដាក់ រួមជាមួយនិងក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះអតីតពេទ្យយោធាម្នាក់នេះ រហូតមានការធូរស្បើយរហូតជាង៨០ភាគរយ។

លោក ឈៀង ថារិទ្ធ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងថា បន្ទាប់ពីមានការយកចិត្តទុកដាក់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ដោយយកអស់ពីកម្លាំងកាយចិត្ត ជួយសង្គ្រោះអតីតពេទ្យយោធាម្នាក់នេះ អស់រយៈពេលជាច្រើនថ្ងៃ អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ បានវិលមករកសភាពដើមឡើងវិញបាន៨០ភាគរយរហូតកម្រើកដៃជើងបាន និយាយបានខ្លះៗឡើងវិញ នេះក៏ជាមោទនភាពមួយ ដែលមានការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

លោក ធី ធូ ជាអតីតពេទ្យយោធាបន្ទាប់ពីលោកបានធូរស្រាលពីជំងឺ លោកបានលើកដៃប្រណមថ្លែងអំណរគុណដល់លោកអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដែលបានជួយស្រោចស្រង់ជីវិតរបស់លោកឲ្យរួចផុត ពីសេចក្តីវេទនា ដោយសារតែលោកបច្ចុប្បន្នបានមកស្នាក់នៅជាមួយនឹងផ្ទះមិត្តភក្កិមិនមានញាតិមិត្តបងប្អូនមើលថែ។ ជាពិសេសទៀតនោះ លោកក៏សូមថ្លែងអំណរគុណដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេ ត្តកំពង់ឆ្នាំង ដែលបានពាំនាំពីអាការជំងឺរបស់លោក ជូនដល់លោកអភិបាលខេត្ត ហើយលោកអភិបាលខេត្តបានខ្នះខ្នែងជួយសង្គ្រោះជីវិតលោកបានទាន់ពេលវេលា។ លោកក៏មិនភ្លេចអរគុណដល់ប្រជាពលរដ្ឋ ក្នុងភូមិកងមាសទាំងមូល ដែលយកចិត្តទុកដាក់មើលថែជំងឺរបស់លោកអស់ជាច្រើនខែ មុនពេលដែលលោកមកកាន់មន្ទីរពេទ្យ។

កន្លងមកលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែងតែបានដាស់តឿនដល់អាជ្ញាធរមូលដ្ឋាន គ្រប់មូលដ្ឋានត្រូវតាមដានពិនិត្យមើល ពលរដ្ឋក្នុងភូមិក្នុងឃុំរបស់ខ្លួនបើមានប្រជាពលរដ្ឋដែលមានការខ្វះខាតផ្នែកជីវភាព និងមានទុក្ខលំបាកដូចជាការរស់នៅតែម្នាក់ឯង គ្មានកូនចៅហើយបាត់បង់កម្លាំងពលកម្ម អាជ្ញាធរត្រូវពិនិត្យមើល បើអាជ្ញាធរមូលដ្ឋានគ្មានលទ្ធភាព ត្រូវរាយការណ៍មករដ្ឋបាលស្រុក ឬរដ្ឋបាលខេត្ត ដើម្បីចុះជួយពួកគាត់ឲ្យបានទាន់ពេល។

សូមរំលឹកថា អតីតគ្រូពេទ្យយោធាម្នាក់ ឈ្មោះ ធី ធូ អា យុ៥៣ឆ្នាំ បានមកស្នាក់នៅជាមួយមិត្តភក្កិ ក្នុងភូមិកងមា ស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រយៈពេ ល១៥ឆ្នាំ។និងបានធ្លាក់ខ្លួនឈឺធ្ងន់ គ្មានសាច់ញាតិបង ប្អូន ហើយលោកត្រូវបានលោកអភិបាលខេត្តកំពង់ឆ្នាំង ឲ្យមន្ទីរពេទ្យបង្អែកខេត្ត យករថយន្តដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ លោកអភិបាលខេត្ត ថែមទាំងបានចេញថវិកាសម្រាប់ថ្លៃ អ្នកមើលថែ នៅក្នុងមន្ទីពេទ្យទៀតផង៕