(កំពង់ធំ)៖ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនរៀនសូត្រ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងវរសេនា តូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានដំណើរការបើកវគ្គហ្វឹកហ្វឺន រៀនសូត្របំប៉នម្ចាស់ការរយៈពេលខ្លី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ទោ អ៊ូ ឆេងកន នាយសេនាធិការរង និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានឡើងរាយការណ៍ អំពីសមាសភាពនិងចំនួនសិក្ខាកាម ដែលត្រូវចូលរៀនសូត្រនៅពេលនេះ មានចំនួន១០៧ នាក់ និងគណៈកម្មការគ្រប់វគ្គ គ្រូយោធាចារ្យ ព្រមទាំងក្រុមបំរើការចំនួន២៥នាក់បន្ថែមទៀត សរុបក្នុងដំណើរការវគ្គហ្វឹកហ្វឺន រៀនសូត្រនេះមានចំនួន១៣២នាក់ ដែលត្រូវដំណើរការហ្វឹកហ្វឺនរៀនសូត្របំប៉នរយៈពេល២០ថ្ងៃ ដោយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព និងគណៈកម្មការគ្រប់គ្រងវគ្គហ្វឹកហ្វឺនរៀនសូត្រ ដែលបានរៀបចំកម្មវិធីបើកវគ្គហ្វឹកហ្វឺនបំប៉នម្ចាស់ការនៅពេល នេះ បានល្អប្រសើរ ស្របតាមផែនការរបស់ថ្នាក់លើដែលបានដាក់ចេញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើដល់យោធិនទាំងអស់ ដែលជាសិក្ខាកាមត្រូវចូលរួមហ្វឹកហ្វឺនរៀន សូត្រនៅពេលនេះ ត្រូវយកអស់កម្លាំងកាយចិត្ត ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងតាមខ្លឹមសារមេរៀន និង កាលវិភាគរៀនសូត្រ ដោយត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលបានដាក់ចេញនឹងត្រូវអនុ វត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
លោកនាយចំណង់ ឈួន រ៉ុម តំណាងឱ្យសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនរៀនសូត្របំប៉នម្ចាស់ការ រយះពេលខ្លី នៅពេលនេះ បានឡើងប្ដេជ្ញាចិត្តគោរពឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា និងខំរៀនសូត្រ ក្រេបយកចំណេះ ដឹង ដើម្បីយកទៅបម្រើការនៅតាមអង្គភាពរៀងៗខ្លួនវិញឲ្យទទួលបានលទ្ឋផលល្អ។
នៅក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន ២.១០០.០០០រៀល មីជាតិចំនួន ៥០កេស អង្ករចំនួន៥០០ គឺឡូក្រាម សម្រាប់ផ្គត់ផ្គង់បន្ថែមលើគោលរបប ដែលបាន កំណត់ និងបានឧបត្ថម្ភបរិក្ខាពេទ្យ សម្រាប់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងវគ្គរៀនសូត្រនៅពេលនេះ និង សម្រាប់ប្រើប្រាស់នៅតាមបណ្ដាអង្គភាពនីមួយៗផងដែរ៕