(ព្រៃវែង)៖ ដូចអ្វីដែលបានសន្យានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារគណប្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារ ដឹកនាំដោយលោកបណ្ឌិត ស្តើង សុខុម ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ អមដំណើរដោយលោក លោកស្រីជាអនុប្រធានក្រុមការងារ, ប្រធានក្រុមការងារ និងក្រុមការងារចុះឃុំក្របៅទាំងអស់ បានចុះថ្លែងអំណរគុណម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះដាច់៧/៧ នៅឃុំក្របៅ ស្រុកកំចាយមារ។
លោកបណ្ឌិត ស្តើង សុខុម បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងឃុំក្របៅ ទទួលបានសំឡេងគាំទ្រដ៏លើសលប់រហូតដល់ ៤,៤៣៦សំឡេង មានការកើនឡើងចំនួន ៨០៧សំឡេង បើប្រៀបធៀបការបោះឆ្នោតឆ្នាំ២០១៧ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបាន អាសនៈ ៧ លើ៧។
លោក ស្តើង សុខុម បានបញ្ជាក់ថា «ជោគជ័យដែលគណបក្សប្រជាជនកម្ពុជា ឃុំក្របៅ សម្រេចបាននាពេលនេះកាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋានឃុំ សង្កាត់។ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ សូមសម្តែងការ គោរព និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះម្ចាស់ឆ្នោត ដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់»។
លោកប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ និងឃុំក្របៅ និងសកម្មជនរបស់គណបក្សទាំងអស់ ដែលសម្រេចបានជោគជ័យល្អក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងមក។ លោកបានលើកឡើងថា «ភាពជោគជ័យដ៏ធំធេងនេះ គឺពិតជាបានប្រសូត្រចេញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា និងសកម្មជនគណបក្សថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ពេលវេលា និងធនធានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមសហការបំពេញកាតព្វកិច្ចជាមន្រ្តី បម្រើប្រជាពលរដ្ឋដោះស្រាយបញ្ហាជូនប្រជាជនគ្រប់រូបភាពគ្រប់កាលៈទេសៈ និងបានទាន់ពេលវេលា គឺផ្ដើមពីសកម្មភាពទាំងនេះហើយដែលធ្វើឱ្យគណបក្សទទួលបានជ័យជម្នះ ហើយយើងនឹងទទួលបានជ័យជម្នះបន្តទៀត»។
លោក ស្តើង សុខុម បានបង្ហាញពីទឹកចិត្តចូលរួមអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ លើលទ្ធផលដែលឃុំទាំងអស់ក្នុងស្រុកកំចាយមារ។ ពិសេសឃុំក្របៅ ទទួលបានលទ្ធផលល្អខ្លាំង ជោគជ័យនេះ បានបង្ហាញពីសកម្មភាពយ៉ាងសកម្ម មមាញឹក និងការលះបង់របស់ក្រុមការងារ ក្នុងរយ:ពេលកន្លងមក គឺពិតជាបានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈចូលរួមយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកក៏បានកត់សម្គាល់លើ៣ចំណុច ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាមានការដឹកនាំដ៏ត្រឹមត្រូវ, គណបក្សតែងនៅជាមួយប្រជាជនគ្រប់ពេលដែលប្រជាជនជួបការលំបាក, គណបក្សបានកសាងសមិទ្ធផលសង្គមយ៉ាងច្រើន ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាជន។
ជាក់ស្តែងនៅឃុំក្របៅ ដែលបានឈ្នះឆ្នោតលើសលប់ នេះគឺថ្នាកដឹកនាំដែលមានសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី, ព្រមទាំងក្រុមគ្រួសារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, អភិបាលខេត្តព្រៃវែង រួមទាំងថ្នាក់ដឹកនាំចុះជួយស្រុកកំចាយមារ និងសប្បុរសជនជាច្រើន បានជួយកសាងសមិទ្ធផលជាច្រើននៅទីនេះដែលរួមមាន៖ ផ្លូវថ្នល់ ផ្លូវបេតុង អគ្គិសនី ទឹកស្អាត សាលារៀន មណ្ឌលសុខភាព ធ្វើឲ្យប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍យ៉ាងច្រើនពីសមិទ្ធផលសង្គមទាំងនេះ។ នេះជាជ្រុងមួយដែលធ្វើឲ្យគណបក្សប្រជាជននៅឃុំ ក្របៅឈ្នះឆ្នោតលើសលប់។
ជ្រុងមួយទៀត ដោយសារក្រុមការងារគណបក្សចុះជួយខេត្ត ក្រុមការងារចុះជួយស្រុក និងក្រុមការងារគណបក្សឃុំ ចុះធ្វើការងារតាមប្រក្រតីទិនរបស់គណបក្សដែលបានដាក់ចុះដំណើរការចុះឈ្មោះបោះឆ្នោត, ការបន្ថែមសមាជិកថ្មី, ពិនិត្យមើលសមាជិកមានឯកសារបោះឆ្នោតឬនៅ?, ជួបជុំពង្រឹងតាមក្រុមបក្សគ្រួសារបក្សចុះដល់ផ្ទះប្រជាជន និងធ្វើការងារសង្គមជាច្រើនទៀតនេះជាជ្រុងទី២។ ជ្រុងទី៣ គឺការចូលរួមរបស់សប្បុរសជន, អ្នកដែលធ្លាប់មានស្រុកកំណើតនៅទីនេះជួយតាមលទ្ធភាពក៏បានច្រើនដែរ។
លោកបានគូសរំលេចបន្ថែមថា ក្រៅពីសមិទ្ធផលសង្គម និងការចុះជួយប្រជាជនពេលជួបការលំបាកការងារមួយដែលសំខាន់ ហើយប្រជាជនមើលឃើញទង្វើល្អរបស់គណបក្ស ប្រជាជនកម្ពុជានោះ គឺការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលជាការស្រោចស្រង់អាយុជីវិតប្រជាជនពីសេចក្តីស្លាប់។ ប្រសិនបើមិនមានវ៉ាក់សាំងការពារកូវីដ១៩ ចាក់ស្រោចទៅលើ ប្រជាជនទេគឺជីវិតប្រជាជនច្រើន និងត្រូវស្លាប់ វាប្រៀបដូចជាជីវិតប្រជាជនកម្ពុជានៅក្នុងរបប ប៉ុល ពតអញ្ចឹងដែរ ប្រសិនបើមិនមានគណបក្សប្រជាជនកម្ពុជា ជួយរំដោះចេញពី របបប៉ុល ពតទេ ប្រជាជនប្រាកដជាស្លាប់ដោយសារពួក ប៉ុល ពល សម្លាប់អស់គ្មានសល់។
ដូចនេះគុណបំណាច់មួយនេះ បានជួយជីវិតប្រជាជនជាថ្មីម្តងទៀត ធ្វើឲ្យប្រជាជនកាន់ តែមើលឃើញនូវតួនាទីដឹកនាំប្រទេស និងដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជា កាន់តែសំខាន់ និងមិនអាចខ្វះបាន។ សមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿ និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកក៏សង្ឃឹមថា សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភា នាឆ្នាំ២០២៣ ប្រជាពលរដ្ឋឃុំក្របៅ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនជាងនេះទៀត។ បញ្ហាមួយដែលលោកបានសំណូមពរទៅកាន់ពលរដ្ឋម្ចាស់ឆ្នោនោះ គឺមិនត្រូវមើលស្រាលគូរប្រកួត និងមោទនភាពចំពោះជ័យជម្នះ រហូតមានការឆក់ល្វែងមិនទៅចូលរួមបោះឆ្នោត។
លោកប្រធានក្រុមការងារ និងក្រុមការងារ តបតាមការសន្យាបាននាំយកមកជាមួយនូវអំណោយឧបត្ថម្ភមានសារ៉ុង ចំនួន ១,៩២០សារ៉ុង និងថវិកាចំនួន ១៩,០៧០,០០០រៀល ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនដល់ម្ចាស់ឆ្នោតចំនួន ១,៩២០នាក់ដែលបានចូលរួមនៅក្នុងពិធីនោះ។
ជាមួយនេះ លោក ស្តើង សុខុម ក៏បានឧបត្ថម្ភថវិកាដល់អ្នកចម្រៀងចំនួន ០៣នាក់, ដោយលេខ១ ទទួលបានថវិកា ចំនួន១៨០,០០០រៀល, លេខ២ ទទួលបានថវិកាចំនួន ១០០,០០០រៀល, លេខ៣ ទទួលបានថវិកា ចំនួន ១០០,០០០រៀល សរុបថវិកាអស់ចំនួន ៣៨០,០០០រៀល។ លោកក៏បានអះអាងពីការសាងសង់អគារសម្រាប់សាលាមតេយ្យសិក្សាជូនឃុំក្របៅ នៅពេលខាងមុខផងដែរ៕