(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ ប៉ុន្តែកីឡាទើបមានស្តង់ដារសកលពិតប្រាកដ។
សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីបើកកិច្ចក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៉ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំតែងតែលើកឡើងថា នយោបាយគ្មានស្តង់ដារពិតប្រាកដទេ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និង ការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថិរភាពសង្គម ។ បច្ច័យវិជ្ជមាន និងផលប្រយោជន៍កីឡាលើកទឹកចិត្ត ឱ្យយើងទាំងអស់គ្នា ខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហការគ្នាក្នុង ស្មារតីបុរេសកម្ម និងអន្តរសកម្មក្នុងការកសាងវិស័យកីឡាជាតិនីមួយៗឱ្យបានផុសផុល រីកចម្រើនជាលំដាប់»។
កីឡាមានស្តង់ដារដូចគ្នាគ្រប់ប្រទេស ចំណែកនយោបាយ និងលទ្ធិប្រជាធិបតេយ្យ នៅលើពិភពលោក មិនមានស្តង់ដារដូចគ្នានោះទេ។ នេះជាប្រសាសន៍សំខាន់មួយ ដែលសម្តេចតែងតែលើកឡើង ពេលជួបសំណេះសំណាលជាមួយក្រុមកីឡាករកម្ពុជា។
សម្តេចបានចាត់ទុកថាចំណុចនេះ ធ្វើឱ្យយើងគោរពនូវតួនាទីកីឡា គឺស្តង់ដារអន្តរជាតិ ដែលមាននៅក្នុងវិស័យនេះ។ ប៉ុន្តែស្តង់ដារលើបញ្ហានយោបាយ ការគ្រប់គ្រង ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អត់មានស្តង់ដារអន្តរជាតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងស្តែងៗ នៅសហរដ្ឋអាមេរិកថា មានប្រជាជនគាំទ្រត្រឹម ៤០ភាគរយ ឬក្រោម ៤០ភាគរយ គឺអាចធ្វើប្រធានាធិបតេយ្យបានហើយ ដោយសារតែមានអ្នកទៅបោះឆ្នោតត្រឹម ៦០ភាគរយ ឬ៧០ភាគរយប៉ុណ្ណោះ។ ចំណែកនៅបារាំងវិញ បើមិនមានសន្លឹកឆ្នោតលើសពី ៥០ភាគរយទេ គឺមិនអាចធ្វើប្រធានាធិបតេយ្យបានទេ។
សម្តេចបានបន្ថែមថា ប្រជាធិបតេយ្យដំណើរការមិនដូចគ្នាទេពីប្រទេសមួយទៅប្រទេសមួយ ប៉ុន្តែគេហៅប្រភេទប្រជាធិបតេយ្យដូចគ្នា។ ប្រទេសខ្លះ ប្រកាន់របបប្រធានាធិបតីប្រទេសប្រទេសខ្លះប្រកាន់យករបបសភា ហើយទោះបីជាជារបបប្រធានាធិបតី ឬសភាក៏ដោយ ក៏ហៅថាប្រជាធិបតេយ្យ ប៉ុន្តែស្តង់ដារមិនដូចគ្នានោះទេ៕