(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានលោក ហ៊ីរ៉ូយូគី ហូសូដា (Hiroyuki Hosoda) ប្រធានសភាតំណាងរាស្ត្រ នៃប្រទេសជប៉ុន ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីរន្ធត់ និងក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងយុទ្ធនាការរកសម្លេងឆ្នោត ស្ថិតនៅក្នុងក្រុងណារ៉ា (Nara) កាលពីថ្ងៃសុក្រទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងឱកាសដ៏សោកសៅនេះ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ... និងក្តីអាណិតអាសូរជាទីបំផុតជាមួយ ឯកឧត្តមប្រធាន និងតាមរយៈ ឯកឧត្តម ជូនចំពោះក្រុមគ្រួសារ នៃសព និងបងប្អូនជនរួមជាតិជប៉ុនទាំងមូលចំពោះការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមរបស់ជាតិមួយរូប»។
សម្តេចបានបន្ដទៀតថា «សពលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺជារដ្ឋបុរសដ៏ប៉ិនប្រសប់ និងមាន ប្រជាប្រិយភាពមួយរូប ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសកម្ពុជា និងជប៉ុន ក៏ដូចជាក្នុងការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ បន្ថែមលើនេះ ក្នុងអាណត្តិរបស់ ឯកឧត្តម ស៊ីនហ្សូ អាប រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា និងដល់ប្រទេសមួយចំនួន ទៀតក្នុងតំបន់អាស៊ានផងដែរ។ ជាថ្មីម្តងទៀត រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហឹង្សាដ៏ ព្រៃផ្សៃ និងគួរឱ្យស្អប់ខ្ពើមខាងលើនេះ ហើយសូមចូលរួមជាមួយសភាតំណាងរាស្ត្រ និងប្រជាជនជប៉ុន ក្នុងការកាន់មរណភាពទុក្ខចំពោះសព លោក ស៊ីនហ្សូ អាប»៕