(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានដាក់ចេញនូវការណែនាំចំនួន៤ចំណុចសំខាន់ៗ សម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ គឺការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យខ្ពស់។

ការណែនាំចំនួន៤ចំណុច ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន នោះរួមមាន៖

*ទី១៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗ ឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម។

ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសឥណ្ឌូនេស៊ី និងកីឡាយូដូ ពីអតីតឯកអគ្គរដ្ឋទូតជប៉ុន។

ទី២៖ អំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ «ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត» «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់ក្នុងសន្តិភាព» ឱ្យបានផុសផុលទាំងក្នុង និងក្រៅប្រទេស។

ទី៣៖ សូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ។

ទី៤៖ សូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាប្រមាណ១២០ពាន់លានរៀល ស្មើនឹងប្រមាណ ៣០លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៉ីហ្គេម (SEA Game) លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ នៅឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមអ្វីដែលបានគ្រោងទុកនោះ សម្រាប់កីឡាស៉ីហ្គេម នឹងបើកជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងសម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣៕