(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ កម្ពុជានឹងធ្វើឱ្យការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះប្រព្រឹត្តទៅឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បន្ទាប់ពីខនខានចាប់យកឱកាសនេះជាច្រើនលើកច្រើនសារ អស់រយៈពេល៦៤ឆ្នាំ។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីបើកកិច្ចក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា បានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យើងបានខកខានចាប់យកឱកាសនេះជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាពពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។
នាឱកាសនោះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុតក្នុងការចូលរួមការប្រកួតកីឡាស៉ីហ្គេម និងកីឡាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងនូវពាក្យស្លោកថា៖ «ខ្ញុំតែងតែងលើកឡើងថា នយោបាយគ្មានស្តង់ដារពិតប្រាកដនោះទេ ប៉ុន្តែ កីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាប្រកួតតែមួយ និងមានគោលដៅតែមួយ គឺកសាងពិភពលោកមួយដែលល្អប្រសើរ និងការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថិរភាពសង្គម»។
ទន្ទឹមនឹងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ច័យវិជ្ជមាននៃផលប្រយោជន៍កីឡា លើកទឹកចិត្តឱ្យយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងស្មារតីបុរេសកម្ម និងអន្តរសកម្ម ក្នុងការកសាងវិស័យកីឡាជាតិនីមួយៗ ឱ្យផុលផុសរីកចម្រើនជាលំដាប់ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ជាប្រវត្តិសាស្ត្រនេះ ឱ្យទទួលបានជោគជ័យខ្ពស់ផងដែរ។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។ ព្រោះតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ៕