(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
ពិធីបើកកិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមរបាយការណ៍ បានឱ្យដឹងថា កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា។
ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកម្មវិធីបើកកិច្ចប្រជុំ៖
* មុនថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអាស៊ានប៉ារ៉ាហ្គេម និងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកចូលរួមទាំងអស់ស្មឹងស្មាធគោរព ដល់វិញ្ញាណក្ខន្ធ របស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានគេធ្វើឃាត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយដោយបានជួបជុំមហាគ្រួសារកីឡាជាតិ និងកីឡាតំបន់អាស៊ីអាគេ្នយ៍ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះ។ សម្តេចតេជោ សូមស្វាគមន៍ប្រតិភូកីឡាក្រុម-ប្រឹក្សាស៊ីហ្គេម និងក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេម ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាសម្រាប់រយៈ ពេល ៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រតិភូកីឡា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងអនុប្រធាន និងជាសមាជិកគណៈកម្មាធិការចំពោះ កិច្ចសហការល្អក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សានេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និង ជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រធានប្តូរវេននៃស្ថាប័នតំបន់ទាំងពីរ កម្ពុជាមានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខ ស្មើមាត់ រួមចំណែកដល់ការ ដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយសំដៅជំរុញល្បឿននៃការអភិវឌ្ឍសម្រាប់ជោគវាសនា និងវិបុលភាពរួម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទំនាក់ទំនងអន្តជាតិ។ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រៀងរាល់២ឆ្នាំម្តង ឆ្លុះបញ្ចាំងឱ្យឃើញនូវការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសជាសមាជិកទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យកីឡាក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរទាំងបច្ចេកទេស និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ និងជាសិល្បៈការពារខ្លួនរបស់ប្រជាជាតិនីមួយៗ។ ការប្រកួតជាលក្ខណៈអន្តរជាតិនេះ ក៏ជាការបំផុសស្មារតីមហាជនឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាក៏រួមចំណែកដល់ការរក្សាបានសុខភាពល្អ ដែលជាកត្តាកំណត់នៃផលិតភាពសេដ្ឋកិច្ច។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ និងមានការតាំងចិត្តខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស ដែលរួមចំណែកដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម មានគុណភាពខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សកម្មភាពអប់រំកាយ និងកីឡាមានសារៈសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាពផ្លូវចិត្តជ្រះថ្លា និងការងារបង្កើនបញ្ញាឈ្លាសវៃ ព្រមទាំងលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានរង់ចាំរយៈពេល ៦៤ឆ្នាំ ទើបសម្រេចចិត្តយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ កម្ពុជា បានខកខានចាប់យកឱកាសនេះជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាពពេញលេញ និងកៀរគរធនធានចាំបាច់គ្រប់គ្រាន់សម្រាប់រៀបចំការប្រកួតកីឡា ថ្នាក់តំបន់ដ៏ធំនេះឱ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អសម្រាប់គ្រប់ប្រតិភូកីឡា និង ភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយគ្មានស្តង់ដារពិតប្រាកដទេ ប៉ុន្តែកីឡាមានស្តង់ដារសកលពិតប្រាកដ មានច្បាប់កីឡាតែមួយ មានបទបញ្ជាការប្រកួតកីឡាតែមួយ និងមានគោលដៅតែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និង ការរួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាព និងស្ថិរភាពសង្គម។
* ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួន ដូចខាងក្រោម ៖
ទី១៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម។ ជាមួយនេះត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា រួមទាំងកីឡាល្បុក្កតោខ្មែរ និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន។
ទី២៖ ខ្ញុំសូមអំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ «ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត» «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់ក្នុងសន្តិភាព» ឱ្យបានផុសផុល ទាំងក្នុង និងក្រៅប្រទេស។
ទី៣៖ ខ្ញុំសូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ។
ទី៤៖ ខ្ញុំសូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបានជោគជ័យ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៤៣នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News៕