(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
ពិធីបើកកិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារសុខា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ យោងតាមរបាយការណ៍ បានឱ្យដឹងថា កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។
ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។ ព្រោះតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។
ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្លាប់បានលើកឡើងថា សម្តេចធ្លាប់បានស្នើសុំមិនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះជាច្រើនលើកនៅពេលដល់វេណកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានបញ្ជាក់ថា ការសុំមិនធ្វើជាម្ចាស់ផ្ទះនេះ ក៏ដោយសារកម្ពុជាមានតម្រូវការថវិកាសម្រាប់យកទៅអភិវឌ្ឍលើវិស័យដទៃដែលចាំបាច់ ដើម្បីជំរុញដល់ការចម្រើនលូតលាស់នៃសេដ្ឋកិច្ចជាតិ។
បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះក្នុងមួយឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារអាមេរិក។
ដើម្បីឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើន។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៥ ដើម្បីបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ អានុសាសន៍ទាំង៥នោះរួមមាន៖
ទី១៖ ក្រសួងស្ថាប័ន រាជធានី-ខេត្ត មន្ទីរអង្គភាព កងកម្លាំងមានសមត្ថកិច្ចត្រូវចូលរួមផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព នៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តាមគ្រប់រូបភាព និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់ខ្លួន ឱ្យផុលផុសនូវគ្រប់ទីកន្លែង។
ទី២៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូត ស្ថានតំណាង នៅក្រៅប្រទេស និងក្រសួងស្ថាប័ននានា ត្រូវចូលរួមយុទ្ធនាការ ការទូត និងកិច្ចការបរទេសកីឡា ដោយដាក់របៀបវារៈនៃការផ្សព្វផ្សាយ «ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹតិ្តការណ៍ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាលើកដំបូង» ដោយប្រើប្រាស់គ្រប់វេទិកា សវនការ ជំនួបទ្វេភាគី ពហុភាគី ដែលជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រជាលក្ខណៈអន្តរជាតិ។
ទី៣៖ ត្រូវរួមគ្នាលើកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងយុទ្ធនាការអប់រំ សង្គម និងផ្សព្វផ្សាយ កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ, កម្ពុជាស្អាត កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន។
ទី៤៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ត្រូវមានស្មារតីទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគោរពតាមគោលការណ៍កីឡាបៃតង និងកីឡាស្អាតស្អុំ ដើម្បីរក្សាសេចក្តីថ្លៃថ្នូ កិត្តិយស ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង។
សហព័ន្ធកីឡាជាតិ កីឡាករ កីឡាការិនី កីឡាករ កីឡាការិនីជនពិការ សូមខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតី ហ្វឹកហាត់អភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ កីឡា និងបំពេញបេសកកម្មរៀងៗខ្លួន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។
ទី៥៖ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងក្រុមហ៊ុនសហគ្រាសឯកជនទាំងអស់ ចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដើម្បីរួមចំណែកទ្រទ្រង់ចំណាយរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ»៕