(កណ្តាល)៖ នៅក្នុងពិធីបុណ្យរ៉យ៉ាហាជ្ជីនៃសាសនាឥស្លាម លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និង លោកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២ នេះ បានអញ្ជេីញសំណេះសំណាល និងចែកសាច់គោគួរបាន ចំនួន ៦២៦ក្បាល និង ពពែ ៤២៥ក្បាល ដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី តាមរយៈ ក្រុមហ៊ុន អាល់អាមីនស៊េីហ្វ ហូលឌីង ស៍ ម៉ាឡេស៊ី (Al-Ameen Serve Holdings ) សហការជាមួយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សម្រាប់ចែកជូនដល់ខ្មែរឥស្លាមទូទាំងប្រទេស ដែលពិធីនេះត្រូវបានប្រារព្ធធ្វេីឡេីងនៅភូមិបារ៉ែនក្រោម ឃុំ ស្វាយប្រទៀល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនាមរាជរដ្ឋាភិបាល និង តាងនាមឲ្យសហគមន៍មុស្លិមកម្ពុជា ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនអាល់អាមីនស៊េីហ្វ ហូលឌីង ស៍ ម៉ាឡេស៊ី ដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាជនកម្ពុជា។
លោកថា នេះគឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះបន្ទុកខ្លះៗដល់បងប្អូនដែលមានការលំបាក ហើយសកម្មភាពទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកស្លាម និង ក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក។
លោកបណ្ឌិត ក៏បានលេីកឡេីងថា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសដោយប្រកាន់លើគោលនយោបាយប្រកាន់លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍ និងមានការរៀបចំលើហេដ្ឋារចនាសម្ព័ន្ធបានល្អដូចពេលបច្ចុប្បន្ន។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។
លោកបានបន្តទៀតថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខពីរ លើពិភពលោក ក្នុងការចាក់វ៉ាក់សាំង ការពារជំងឺឆ្លងកូវីដ១៩ ជូនប្រជាជនខ្លួនបានច្រើន ហើយសម្ដេចតេជោ លោកខិតខំប្រឹងប្រែង ស្វែងរកវ៉ាក់សាំង មកចាក់ការពារជូនប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារពីជំងឺដ៏កាចសាហាវនេះ។ នេះក៏ដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វេីឲ្យកម្ពុជាទទួលបានការស្ញប់ស្ញែង និងកោតសរសើរពីពិភពលោក ដែលសម្តេចតេជោបានចាត់វិធានការបានយ៉ាងល្អប្រសេីរឆ្លេីយតបទៅនឹងវិបត្តិកូវីដ១៩ និងការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋបានច្រើន និងរហូតឈានដល់ដូសទី៥។
លោក ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះយេីងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនអាល់អាមីនស៊េីហ្វ ហូលឌីងស៍ ម៉ាឡេស៊ី បានផ្ដល់គោ និងពពែ គួរបានចំនួន១,០៥១ក្បាល ដល់ប្រជាសហគមន៍ឥស្លាមទូទាំងប្រទេស ដោយសហការជាមួយ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលកាលពីឆ្នាំមុនយេីងទទួលបាន១,៤០២ក្បាល។
រយៈពេល២៩ឆ្នាំមកហើយ ដែលក្រុមហ៊ុនអាល់អាមីនស៊េីហ្វហូលឌីងស៍ បានធ្វេីកម្មវិធីចែកសាច់គួរបាន និងអាគីកះនៅកម្ពុជា ដែលសរុប៤៨,៧១១ក្បាល។ ក្រៅពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងធ្វេីសកម្មភាពមនុស្សធម៌ផ្សេងទៀតផងដែរ ដូចជាការសាងសង់អណ្ដូង ទឹកចំនួន១២,៣១៩ និងបង្គន់អនាម័យ ចំនួន៦៦៨ជូនដល់ប្រជាពលរដ្ឋក្រីក្រផងដែរ។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ គឺជាថ្ងៃបុណ្យដ៏ធំមួយរបស់សាសនាឥស្លាមទូទាំងពិភពលោក ដែលមានឈ្មោះថា បុណ្យរ៉យ៉ាហាជ្ជី។
សម្រាប់អ្នកដែលមានលទ្ធភាពអាចទៅដល់ទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចាំបាច់ត្រូវតែធ្វើដំណើរទៅ ដើម្បីចូលរួមប្រតិបត្តិពិធីបុណ្យដែលជាកាតព្វកិច្ចទីប្រាំ ក្នុងចំណោមកាតព្វកិច្ចទាំងប្រាំ ដែលសាសនិកឥស្លាមទាំងអស់ត្រូវតែបំពេញ។
ដោយឡែក សម្រាប់សាសនិកឥស្លាមទូទាំងពិភពលោក ក្រៅពីអ្នកដែលកំពុងបំពេញកាតព្វកិច្ចនេះនៅក្រុងម៉ាក្កះ ត្រូវប្រារព្វពិធីនេះ នៅតាមតំបន់រៀងៗខ្លួន ដោយនៅព្រឹកព្រលឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ ពួកគេស្លៀកសំលៀកបំពាក់ថ្មីៗ ស្អាតៗ ប្រើគ្រឿងក្រអូប រូតរះទៅចូលរួមថ្វាយបង្គុំជុំគ្នានៅព្រះវិហារ ។ រួចមក គេត្រូវចាប់ផ្តើមសំលេះសត្វពាហណ: ដែលជាការបរិច្ចាគពីសំណាក់អ្នកដែលមានលទ្ធភាព យកសាច់ចែកជូនអ្នកក្រីក្រ រួមទាំងបងប្អូន គ្រួសារសាច់ញាតិផងដែរ ។ ក្រៅពីនេះ គេត្រូវបង្កើនការធ្វើអំពើកុសល ការសុំអភ័យទោសគ្នាទៅវិញទៅមក និងការបរិច្ចាគទានជាដើម៕