(ព្រះសីហនុ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីសម្អាតឆ្នេរក្រោមយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» នៅឆ្នេរអូរឈើទាល១ ខេត្តព្រះសីហនុ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍, លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី Mr. Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនស្រាបៀរ ខេមប្រ៊ូវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រី នៃមន្ទីរអង្គភាពក្នុងខេត្ត បងប្អូនអាជីវករ ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិតផងដែរ។
ក្នុងឱកាសនេះដែរលោក ហ៊ួត រិទ្ធី បានថ្លែងថា «ការចូលរួមនេះ បានឆ្លុះបញ្ចាំងអំពីសាមគ្គីភាពរបស់ពួកយើង លើការយកចិត្តទុកដាក់ចំពោះបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានការវិភាគ និងកាតព្វកិច្ចរៀងៗខ្លួន ប៉ុន្តែ ពួកយើងមានទំនួលខុសត្រូវរួមគ្នាមួយ គឺការចូលរួមចំណែកដើម្បីអភិវឌ្ឍន៍សង្គមឱ្យកាន់តែប្រសើរ»។
លោក ឡុង ឌីម៉ង់ បានថ្លែងថា «ផ្អែកលើបរិបទនេះទាមទារឱ្យយើងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិចារណាគិតគូរឱ្យបានដិតដល់អំពីទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍ និងគ្រប់គ្រង់ទីក្រុងរបស់យើងដើម្បីផ្តល់នូវផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកទស្សនា និងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ»។
លោកអភិបាលរង បានបន្តថា ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាប់ត្រួវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នបពាក់បព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេស គឺយុវជនដែលជាទំពាំងស្នងឬស្សី ក្នុងការឈានមុខចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឱ្យបានកាន់តែទូលំទូលាយ។
ជាចុងក្រោយលោក ឡុង ឌីម៉ង់ សូមអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត និងវិស័យឯកជនទាំងអស់បង្កើនកិច្ចសហការឱ្យកាន់តែល្អ និងចូលរួមគ្រប់សកម្មភាពការពារ ថែរក្សា លើកកម្ពស់សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសេវាកម្មសាធារណៈក្នុងទីក្រុង និងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ឱ្យបានស្អាត និងល្អប្រសើរ៕