(ក្រចេះ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយពុទ្ធបរិស័ទ និងមន្ត្រីរាជការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានមូលមតិគ្នានាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន៣វត្ត គឺវត្តសិរីសុន្ធរវង្ស ស្ថិតនៅក្រចេះក្រុង វត្តមញ្ចសិលាថ្មគ្រែ និងវត្តភ្នំសំបុក ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធតទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក)។
ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់វត្តទាំង៣រួមមាន៖ ទៀនព្រះវស្សា ១គូ កន្ត្រកផ្លែឈើ ១កន្ត្រក អង្ករផ្កាម្លិះ ២បាវ ប្រេងឆា ១កេស ទឹកត្រី ១កេស ទឹកស៊ីអ៉ីវ ១កស ត្រីខ ១កេស អំបិល ១ឈុត ប៊ីចេង ម្ស៉ៅសុប ស្ករស ម្រេច ខ្ទឹមសរ ការហ្វេ សាប៊ូ ទៀន ធូប តែ ១ឈុត មី ១កេសធំ សាច់ក្រក ៥គីឡូក្រាម សៀង ៥គីឡូក្រាម ប្រហុក ៥គីឡូក្រាម សាច់ប៉ូវ ៥គីឡូក្រាម ផ្អក ៥គីឡូក្រាម ម៉ាស ១កេស ចង្ហាន់ ១ឈុត ត្រីងៀង ៥គីឡូក្រាម ទឹកដោះគោ ១០កេស ទឹកក្រូច ១២កេស ទឹកផ្លែឈើ ១០កេស ទឹកសុទ្ធ ១០កេស។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរក៏បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈដល់ព្រះនាងក្រពុំឈូក និងទីសក្ការៈបារមីលោកជំទាវ «កន្ទោងខៀវ» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សូមមានភាពសម្បូរណ៍សប្បាយគ្រប់ៗ ក្រុមគ្រួសារ ជាពិសេសសូមឱ្យប្រទេសជាតិជៀសផុតពីជំងឺកាចសាហាវផ្សេងៗ និងមានការរីកចម្រើន លើគ្រប់វិស័យ។
ដោយឡែកកាលពីព្រឹកថ្ងៃដដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចាត់តំណាងនាំយកទេយ្យវត្ថុ និងចង្ហាន់មកវេរប្រគេនដល់ព្រះសង្ឃចំនួន ២វត្តនេះផងដែរ៕