(ស្ទឹងត្រែង)៖ ក្រុមការងារតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៊ិច ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារ ក្រោមការចង្អុលបង្ហាញរបស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះធ្វើការតម្លើងម៉ាស៊ីនស្កេនកាំរស្មីអ៉ិច នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ។
គូសបញ្ជាក់ផងដែរថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងពីរ គឺជាច្រកទ្វារព្រំដែនអន្តរជាតិមួយដែល បានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ចជាតិ និងការធ្វើដំណើរទៅមក ដូចនេះម៉ាស៊ីនស្កេនកាំរស្មីអ៉ិច នឹងបន្តសម្រួលក្នុងការធានាឱ្យបានចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីបន្តអនុវត្តភារកិច្ចរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃឱ្យបានកាន់តែប្រសើរ។
ម៉ាស៊ីនស្កេនកាំរស្មីអ៉ិចនេះ គឺជាជំនួយឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈផ្នែកសន្តិសុខ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ជូនចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ប្រើប្រាស់ ក្នុងការត្រួតពិនិត្យ ទប់ស្កាត់ការជួញដូរសព្វាវុធខុសច្បាប់ គ្រឿងញៀន និងសារធាតុញៀន ដើម្បីចូលរួមចំណែករក្សានូវសុវត្ថិភាព និងសន្តិសុខសង្គមជាតិ ជាពិសេសកិច្ចប្រជុំអាស៊ានលើកទី៤០ ក្នុងឆ្នាំ២០២២នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ម៉ាស៊ីនស្កេននេះត្រូវបានដាក់ ឱ្យប្រើប្រាស់ជាផ្លូវការក្រោយពេលតម្លើងរួច ស្របទៅតាមមតិដឹកនាំរបស់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
http://image.freshnewsasia.com/2021/id-024/fn-2022-07-10-17-57-42-1.JPG