(ព្រះសីហនុ)៖ ព្រះសង្ឃ និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទប្រមាណ១០០០អង្គ-នាក់ និមន្ត និងអញ្ជើញមកពីបណ្ដាលរាជធានី ខេត្ត ក្រុងនានា រួមមានមកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ កំពង់ចាម និងព្រះសហនុ និងកម្ពុជាក្រោម បានមូលមតិគ្នាធ្វើពិធីបុណ្យដង្ហែព្រះបរមសារីរិកធាតុ និងឆ្លងបុស្បុកព្រះកោដ្ឋ ព្រមទាំងឆ្លងបន្ទប់ផ្សាយព្រះធម៌ ទៅកាន់វត្តគីរីជលសាកោះរ៉ុង ដើម្បីប្រតិស្ឋានទុកជាបូជនីយវត្ថុសាសនា សម្រាប់មនុស្សទូទៅគោរពបូជាតរៀងទៅ។
កម្មវិធីបុណ្យនេះបានប្រព្រឹត្តទៅនាវេលារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ដោយនៅយប់ថ្ងៃដដែលនោះមានពិធីបង្ហោះគោមចំនួន ១,៥០០គោម ព្រមទាំងមានការបាញ់កាំជ្រួចផងដែរ។លុះដល់ថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែឆ្នាំដដែលមានព្រះសង្ឃចំនួន៨០អង្គគោចរបិណ្ឌបាត្រ បន្ទាប់មកវេរភត្តាហារប្រគេនព្រះសង្ឃនិងដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
សម្រាប់កម្មវិធីនេះ គឺព្រះភិក្ខុសុវណ្ណមុនី ផល ចំរេីន ព្រះសមុហ៍អនុគណក្រុងកោះរ៉ុង គឺអ្នកដឹកនាំកម្មវិធីបុណ្យខាងលើ។ ក្នុងនោះក៏មានការនិមន្តចូលរួមពីព្រះមហានរិន្ទ ថង ហៅតាស៊ុច ព្រះចៅអធិការវត្តប៉ាគោកគ្រឹះ ខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ, ព្រះគ្រូពោធិរតនញាណ ហែម ហ៉ី អគ្គនាយកវិទ្យុពន្លឺពុទ្ធចក្រ FM94.30 Mhz, ព្រះគ្រូមង្គលរតនញាណ សេង សុខុម វត្តពោធិ៍លង្កា ខេត្តសៀមរាប, ព្រះភិក្ខុ វរធម្មោ ហុង សិរីវុទ្ធ ព្រះចៅអធិការវត្តបាត់ថង់ ខេត្តស្វាយរៀង, ព្រះភិក្ខុចិត្តរក្ខិតោ សៅ ចាន់ណា ព្រះភិក្ខុវឌ្ឍសីលោ នៅ វណ្ណា ព្រះទេពសោភ័ណ ភារ រ៉ាវី ព្រះចៅអធិការវត្តគីរីជលសារកោះរ៉ុងនិងជាព្រះអនុគណក្រុងកោះរ៉ុង, ព្រះគ្រូចរិយាកោសល្យ ពិសិដ្ឋ ចៅសែន្យរដ្ឋា ព្រះចៅអធិការវត្តភណ្ឌាគារិការាម ឃ្លាំង ឃុំឈេីកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងបណ្ឌិតោ ប៊ុន ចាន់សុខេន។
ការប្រារព្ធនូវកម្មវិធីបុណ្យនេះឡើង គឺដើម្បីប្រតិស្ឋានទុកជាបូជនីយវត្ថុព្រះពុទ្ធសាសនា សម្រាប់មនុស្សទូទៅគោរពបូជាតរៀងទៅ ជាពិសេសសម្រាប់ប្រជាពុទ្ធបរិស័ទនៅតំបន់កោះដាច់ត្រយាលឆ្ងាយពីទីប្រជុំជនមួយនេះតែម្ដង។
សូមរម្លឹកថា វត្តគិរីជលសា (កោះរ៉ុង ) ត្រូវបានកសាងឡើងកាលពីអំឡុងឆ្នាំ១៩៩៣ លើផ្ទៃដីប្រមាណ៥ហិចតា ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ គឺនៅលើកោះរ៉ុង ដែលជាកោះតំបន់ទេសចរណ៍ដ៏ប្រណិតមួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនរបស់ខេត្តព្រះសីហនុ។ គិតរហូតមកទល់ និងឆ្នាំ២០២២នេះ វត្តគីរីជលសា (កោះរ៉ុង) មានអាយុកាល២៩ឆ្នាំមកហើយ និងមានព្រះចៅអធិការគ្រប់គ្រង៧អង្គ មកហើយដែរ។
កន្លងមកដោយសារតែវត្តនេះមានតែកុដិឈើ១ខ្នង សម្រាប់ព្រះគង់នៅពុំទាន់មានព្រះវិហារ រួមទាំងសមិទ្ធផលផ្សេងៗទៀត ឱ្យមានសោភ័ណភាពដូចជាទីអារាមដទៃៗទៀតនោះ។
ទើបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ «ស្ដីពីការបង្កើតគណៈកម្មការសាងសង់ព្រះវិហារ វត្តគីរីជលសារកោះរ៉ុង» ហើយ។
ពិធីបញ្ចុះបឋមសិលាដើម្បីសាងសង់ព្រះវិហារវត្តខាងលើ បានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ញ៉ែម សាខន ស ខេង ភរិយារបស់សម្ដេចក្រឡាហោម ស ខេង និងជាប្រធានគណៈកម្មការសាងសង់នេះដោយផ្ទាល់។ហើយសមិទ្ធផលដែលត្រូវកសាងមានក្រៅពីព្រះវិហារ, របង ខ្លោងទ្វារ, សាលាឆាន់, ស្ពាន, គូទឹក, កុដិ, ខ្យូស, សាលាធម្មសភា, សាលហោត្រ័យ, ចេតិយ៍រួម, រោងជួង, រោងតម្កល់សព, ចេតិយ៍, ព្រះពុទ្ធបដិមា, បដិមាសម្ដេចព្រះសង្ឃរាជជួនណាត, រូបគំនូរជាដើម ទៅតាមរចនាបទបុរាណ៍ដ៏មានភាពទាក់ទាញ៕